ហម សុវណ្ណពិដោរ ពេញចិត្តធ្វើតាមអ្វីដែលខ្លួនមាន ប្រសើរជាងទទួលពាក្យរិៈគន់បំបាក់ទឹកចិត្ត

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ស្រឡាញ់ខ្លួនឯងជាពាក្យងាយនិយាយ តែពិបាកធ្វើបន្តិចនៅពេលមានពាក្យរិៈគន់ពីមនុស្សជុំវិញខ្លួន។ កញ្ញា ហម សុវណ្ណពិដោរ បានបង្ហើរពាក្យមួយឃ្លានេះ នៅពេលសួរនាំពីគោលបំណងផលិតវីដេអូ (Lifestyle) និយាយពីម៉ូតសម្លៀកបំពាក់សម្រាប់ស្ត្រីនៅលើបណ្តាញសង្គម។ ត្បិតមានកម្ពស់និងមាឌដំបងបន្តិច ប៉ុន្តែមិនមែនជាបញ្ហាពិបាករើសសម្លៀកបំពាក់ឡើងសម្រាប់សុវណ្ណពិដោរ។ សុវណ្ណពិដោរ មានបំណងលើកទឹកចិត្តស្ត្រីដែលមានសាច់ឈាមទ្រលុកទ្រលន់បន្តិចឱ្យស្រឡាញ់រូបរាងកាយរបស់ខ្លួន ព្រមទាំងពេញចិត្តទេពកោសល្យនិងសមត្ថភាពដែលខ្លួនមាន។

កញ្ញា ហម សុវណ្ណពិដោរ បាននិយាយថា “ខ្ញុំធ្លាប់ឆ្លងកាត់រឿងនេះ ហើយខ្ញុំក៏ចង់ចែករំលែកបទពិសោធទាំងនេះទៅកាន់ស្ត្រី ! អាចថាមានអ្នកផ្សេងទៀតឆ្លងកាត់រឿងហ្នឹងដូចខ្ញុំដែរ… ខ្ញុំលើកទឹកចិត្តនិងបង្ហាញអារម្មណ៍ដែលខ្ញុំធ្លាប់មានចំពោះខ្លួនឯង ដើម្បីឱ្យនរណាម្នាក់សប្បាយចិត្ត ហើយស្រលាញ់ខ្លួនឯងជាងមុន នោះខ្ញុំក៏សប្បាយចិត្តបានដូចគ្នា”។

សុវណ្ណពិដោរ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកំពុងបម្រើការងារនៅក្នុងអង្គការមួយ។ ពេលទំនេរពីការងារជារឿយៗសុវណ្ណពិដោរតែងផលិតវីដេអូខ្លីៗ ស្តីពីម៉ូតសម្លៀកបំពាក់ដែលសាកសមសម្រាប់ស្ត្រីមានមាឌដំបង។ នេះទំនងជារូបភាពនិងវីដេអូដំបូងគេហើយនៅកម្ពុជា​ ដែលបង្ហាញពីការអប់រំឥរិយាបថរស់នៅតាមរយៈការជ្រើសរើសសម្លៀកបំពាក់សមស្របតាមចំណង់ចំណូលចិត្ត និងបង្កើតគំនិតវិជ្ជមានចំពោះខ្លួនឯង។

និយាយបណ្តើរញញឹមបណ្តើរកញ្ញា ហម សុវណ្ណពិដោរ បានរៀបរាប់បន្តពីបទពិសោធន៍ផ្ទាល់ខ្លួនថា “កន្លងទៅខ្ញុំធ្លាប់គិតអវិជ្ជមានចំពោះខ្លួនឯង ហើយបានសម្រេចចិត្តព្យាយាមរកវិធីកែប្រែការគិតរបស់ខ្លួន តាមរយៈរូបភាពផ្ដាច់ខ្លួនពីមនុស្សដែលតែងតែបង្អាប់រឿងរូបរាង… ខ្ញុំព្យាយាមចំណាយពេលជាមួយមិត្តភក្ដិដែលគិតវិជ្ជមាន និងលើកទឹកចិត្តខ្លួនឯងតាមវិធីសាស្ត្រផ្សេងៗ”។

“ស្រឡាញ់ខ្លួនឯងមិនមែនជារឿងដែលកើតឡើងងាយនិងភ្លាមៗនោះទេ តែបើយើងមិនស្រលាញ់ខ្លួនឯង ក៏គ្មានអ្នកណាខ្វល់ពីយើងដែរ”។ កញ្ញា ហម សុវណ្ណពិដោរ បានបន្តថា ក្តីស្រឡាញ់សម្រាប់ខ្លួនឯងពិតប្រាកដកើតឡើងនៅពេលដែលមនុស្សព្រមទទួលយកការពិតដែលខ្លួនមាន។

ទោះបីរាល់ថ្ងៃកញ្ញាជាអ្នកបង្កើតវីដេអូលើកទឹកចិត្តស្ត្រីបែបនេះក៏ពិតមែន ប៉ុន្តែពេលខ្លះនៅតែទទួលពាក្យរិៈគន់ពីមនុស្សមួយចំនួនពុំទាន់យល់ពីអ្វីដែលពិដោរកំពុងធ្វើ។ ដើម្បីជម្នះពាក្យពេចន៍ទាំងនោះ សុវណ្ណពិដោរ យល់ថា មនុស្សម្នាក់ៗតែងមានការគិតផ្សេងគ្នា ហើយការរិះគន់បែបទាំងនោះមិនមែនជាសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរឡើយ។

“ខ្ញុំតែម្នាក់មិនអាចបំពេញចិត្តគ្រប់គ្នាបានទេ នេះជាអ្វីដែលខ្ញុំតែងតែព្យាយាមប្រាប់ខ្លួនឯង ! បើគ្រាន់តែអ្នកដទៃមិនពេញយើង ហើយធ្វើឱ្យយើងមិនពេញចិត្តខ្លួនឯង វាមិនមែនជាជម្រើសល្អ។ កុំខ្វល់នឹងការគិតរបស់អ្នកដទៃខ្លាំងពេក បើយើងគិតតែពីយករឿងអវិជ្ជមានមកដាក់ខ្លួន ជីវិតយើងនឹងមិនមានការអភិវឌ្ឍនោះទេ” កញ្ញា ហម សុវណ្ណពិដោរ ។

សម្រាប់កញ្ញា ហម សុវណ្ណពិដោរ “យល់វិជ្ជមានថា “ខ្ញុំមិនដាក់សម្ពាធខ្លួនឯងខ្លាំងពេកទេ ត្រូវទទួលស្គាល់អ្វីដែលខ្លួនឯងមាន មិនត្រឹមតែធ្វើឱ្យខ្លួនឯងសប្បាយចិត្តប៉ុណ្ណោះទេ ថែមទាំងអាចលើកទឹកចិត្តមនុស្សជុំវិញខ្លួនបានទៀតផង”៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner