ម្ចាស់ស្នាដៃ “មនុស្សបាក់ទឹកចិត្ត” យល់ថាមនុស្សកុំបោះបង់អ្វីៗដោយងាយ កុំរំលាយក្ដីសង្ឃឹមខ្លួនឯង
ភ្នំពេញ៖ “កុំបោះបង់អ្វីៗដោយងាយ កុំរំលាយក្ដីសង្ឃឹមខ្លួនឯង” ជាឃ្លាសម្រាប់រំលឹកខ្លួនឯងនៅពេលដែលជួបបញ្ហាក្នុងដំណើរជីវិតជាអ្នកនិពន្ធ។ ឃ្លានេះក៏មាននៅក្នុងសៀវភៅ “មនុស្សបាក់ទឹកចិត្ត” ដែលជាស្នាដៃរបស់អ្នកនិពន្ធប្រលោមលោក គឹម ឌីណា លើកបង្ហាញបទពិសោធជីវិតដែលឆ្លងកាត់ផ្ទាល់ គួបផ្សំនឹងការស្រាវជ្រាវខ្លឹមសារបន្ថែមធ្វើជាអំណះអំណាងលាតត្រដាងតាមរយៈសំណេរ។
សៀវភៅមនុស្សបាក់ទឹកចិត្ត ទទួលបានការគាំទ្រខ្លាំងជាងគេក្នុងចំណោមស្នាដៃផ្សេងទៀតរបស់កញ្ញា គឹម ឌីណា។ ជាក់ស្តែងស្នាដៃនេះ បានបោះពុម្ពឡើងវិញចំនួនបួនលើករួចមកហើយ។ កញ្ញា គឹម ឌីណា បានឱ្យដឹងថា “ខ្ញុំជាមនុស្សធ្លាប់បាក់ទឹកចិត្ត ប្រសិនបើមនុស្សកំពុងមានបញ្ហាដូចខ្ញុំ បានអានសៀវភៅនេះរួច ប្រហែលជាគាត់មានអារម្មណ៍ថាធូរស្រាល ពួកគាត់មិនមានអារម្មណ៍ថាឯកាពេកនោះទេ ខ្ញុំហ៊ានលាតត្រដាងបញ្ហា និងចែករំលែកទៅកាន់មនុស្សគ្រប់គ្នា”។
![](https://asset.ams.com.kh/central/media/2021/02/photo_2021-02-10_19-17-21-1024x682.jpg)
ខ្លឹមសារដាក់បញ្ចូលក្នុងសៀវភៅមនុស្សបាក់ទឹកចិត្ត ឌីណា បានឆ្លុះបញ្ចាំងពីបញ្ហារបស់ស្ត្រីពាក់ព័ន្ធនឹងសេចក្តីស្នេហា បញ្ហាគ្រួសារ បញ្ហាការងារ និងក្តីសុបិនផ្សេងៗ ដែលស្ត្រីប្រាថ្នាចង់បាន។ ក្រៅពីអាជីពសរសេរសៀវភៅ អ្នកនិពន្ធវ័យសាមសិបឆ្នាំរូបនេះ បានផលិតវីដេអូអប់រំជាច្រើនបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក បំណងជួយដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់គិតវិជ្ជមានចំពោះខ្លួនឯង បង្កើតក្តីសង្ឃឹម កុំបោះបង់បំណងប្រាថ្នា លើកទឹកចិត្ត និងរកដំណោះស្រាយសមស្របចំពោះបញ្ហាអ្វីមួយដែលបានកើតឡើង។
“ខ្ញុំសូមអរគុណអ្នកនិពន្ធសៀវភៅឱ្យខ្ញុំអាន បានជួយឱ្យខ្ញុំស្បើយពីទុក្ខកន្លងទៅ… រហូតខ្ញុំគិតថាខ្ញុំត្រូវការប៊ិច ដើម្បីជួយគាស់កកាយបញ្ហាខ្លះដែលពិបាកនឹងថ្លឹងថ្លែង និងជួយចែករំលែកទុក្ខសោករបស់អ្នកដទៃតាមរយៈស្នាដៃរបស់ខ្ញុំ ! មានរឿងខ្លះខ្ញុំពិបាកនិយាយណាស់ ដូច្នេះហើយមានតែយកសំណេរមកជំនួសវិញ” កញ្ញា គឹម ឌីណា ។
![](https://asset.ams.com.kh/central/media/2021/02/photo_2021-02-10_20-32-20-1024x576.jpg)
កន្លងទៅកញ្ញា គឹម ឌីណា ធ្លាប់និពន្ធនិងបោះពុម្ពផ្សាយស្នាដៃជាច្រើន ដូចជាសៀវភៅ “ភរិយាខ្ញុំអាយុ១៨ឆ្នាំ” សៀវភៅ “ស្នេហ៍អស់ពីហឫទ័យ” រឿង “បវរកញ្ញាប្រលោមលោក” បោះពុម្ពក្នុងសៀវភៅមន្តទឹកខ្មៅ រឿង “យើងដើម្បីយើង” រឿង “ម្ដាយខ្ញុំ” ជ័យលាភីរង្វាន់អក្សរសិល្ប៍នូ ហាច និងស្នាដៃប្រលោមលោកផ្សេងៗជាច្រើនទៀត។
គួរបញ្ជាក់ថា កាលពីឆ្នាំ 2013 អ្នកនិពន្វរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ នៅក្នុងសាកលវិទ្យាល័យន័រតុន និងបានបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេស (TESOl) នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅឆ្នាំ 2017 ។ កញ្ញា គឹម ឌីណា បានចាប់ផ្តើមរៀនតែងនិពន្ធលើកដំបូងក្នុងពេលសិក្សានៅថ្នាក់ទីប្រាំបួន៕