សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ កូវីដ-១៩ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃសែនចូលឆ្នាំចិន
នាព្រឹកថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនពរ និងអបអរសាទរពលរដ្ឋខ្មែរសែស្រឡាយចិនក្នុងថ្ងៃសែនចូលឆ្នាំចិន។ តាមរយៈសារជូនពរ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រស់សម្តេចតេជោ មានខ្លឹមសារទាំងស្រុងថា ជូនពរថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai 2021 ។ ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។
សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាសសែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើងដោយការធ្វេសប្រហែសណាមួយដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។ សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។
សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ជោគជ័យ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន ២០២១ នេះតទៅ៕