ក្រោយធ្វើដំណើរអស់ជិត០៧ខែពីផែនដី! ទីបំផុតបេសកកម្មអវកាស Tianwen-1 របស់ចិនចូលក្នុងគន្លងគោចរជុំវិញភពអង្គារដោយទទួលជោគជ័យ
ចិន៖ បេសកកម្មយានអវកាសរបស់ចិន ធានវិនមួយ នៅថ្ងៃពុធនេះ បានទទួលជោគជ័យ ក្នុងចូលទៅក្នុងគន្លងវិថីតារាជុំវិញភពព្រះអង្គារ ក្រោយធ្វើដំណើរអស់រយៈពេលជិត៧ខែពីភពផែនដី ។
បើតាមរដ្ឋបាលអវកាសជាតិចិន CNSA បច្ចុប្បន្នយានអវកាស ធានវិនមួយ កំពុងស្ថិតក្នុងគន្លងគោចរជុំវិញភពអង្គារ ក្នុងកម្ពស់ប្រមាណ៤០០គីឡូម៉ែតពីភពក្រហមមួយនេះ ហើយវានឹងចំណាយពេល១០ថ្ងៃនៃភពផែនដី ដើម្បីវល់បានមួយជុំ ។ បេសកកម្ម ធានវិនមួយ មានយានចម្រុះជាច្រើនគ្រឿង រួមមានផ្កាយរណបសម្រាប់គោចរជុំវិញភពអង្គារ អូប៊ីតទ័រ ជើងទម្រសម្រាប់សម្រួលការចុះទៅលើផ្ទៃដីភពអង្គារ ឡេនដឺ និងគ្រឿងយន្តសម្រាប់ចល័តហៅថា រ៉ូវើ ។
បើតាមផែនការនោះ យានអវកាស ធានវិនមួយ នឹងធ្វើការរំកិលគន្លង ដើម្បីចូលទៅកាន់គន្លងកណ្តាលនៃភពអង្គារ ដោយធ្វើការស្ទង់មើលទីតាំងដែលមានសក្តានុពល ដើម្បីត្រៀមចុះចតនៅខែឧសភា ឬខែមិថុនា ឆ្នាំ២០២១ខាងមុននេះ ៕ប្រភព៖ ស៊ីនហួរ