លោក ចូ បៃដិន និយាយថា មន្ទីរបញ្ចកោណនឹងត្រួតពិនិត្យយុទ្ធសាស្ត្រទប់ទល់ជាមួយចិនឡើងវិញ
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា មន្ទីរបញ្ចកោណនឹងត្រួតពិនិត្យយុទ្ធសាស្ត្រទប់ទល់ជាមួយចិនឡើងវិញ ក្នុងនោះរួមមានវិស័យសំខាន់ៗដូចជា ព័ត៌មានសម្ងាត់ បច្ចេកវិទ្យា និងវត្តមានយោធាអាមេរិកនៅក្នុងតំបន់ ។
នាឱកាសបំពេញទស្សនកិច្ចទៅកាន់មន្ទីរបញ្ចកោណ នៅថ្ងៃពុធនេះ លោក បៃដិន បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន បានជូនដំណឹងដល់រូបលោក ពីការបង្កើតអង្គភាពពិសេសមួយ ដែលនឹងទទួលបន្ទុករៀប ចំយុទ្ធសាស្ត្រយោធាទប់ទល់ជាមួយចិន ។ លោក បៃដិន បន្ថែមទៀតថា ចិន និងបញ្ហាពាក់ព័ន្ធដទៃទៀតទាមទារអោយទីភ្នាក់ងាររដ្ឋាភិបាលធ្វើការជាមួយគ្នា បូករួមទាំងការគាំទ្រទ្វេភាគីនៅក្នុងសភា និងសម្ព័ន្ធភាពដ៏រឹងមាំ ។
បើតាមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ អង្គភាពពិសេសនេះ មានសមាជិក១៥រូបនឹងត្រូវបានបង្កើតឡើងនៅឯមន្ទីរបញ្ចកោណ ដើម្បីត្រួតពិនិត្យ និងរៀបចំយុទ្ធសាស្ត្រ ព្រមទាំងធ្វើបទបង្ហាញពីការផ្ដល់អនុសាសន៍នៅក្នុងរយៈពេល០៤ខែខាងមុខនេះ ៕ ប្រភព៖ Reuters


