គ្រាន់តែការដាំជីស្លឹកគ្រៃតាមផ្ទះ ក៏អាចកាត់បន្ថយចំណាយរាប់រយលានដុល្លារក្នុងមួយឆ្នាំ
ភ្នំពេញ ៖ តើអ្នកធ្លាប់គិតទេថា គ្រនា់តែការដាំជី ស្លឹកគ្រៃ ស្លឹកខ្ទឹមជាលក្ខណៈគ្រួសារនៅជុំវិញផ្ទះសម្រាប់ផ្សំគ្រឿងដាំស្លរប្រចាំថ្ងៃអាចជួយកាត់បន្ថយការចំណាយសរុបរហូតដល់រាប់រយលានដុល្លារក្នុងមួយឆ្នាំដោយមិនដឹងខ្លួន ជាពិសេសសម្រាប់អ្នករស់នៅក្នុងទីក្រុងដែលមិនបានគិតដល់។
មានការធ្វើសន្ទស្សន៍ទៅលើការចំណាយថ្លៃទិញបន្លែគ្រឿងផ្សំម្ហូបអាហារដូចជា ការទិញស្លឹកគ្រៃ ទិញជី ខ្ទឹម ម្ទេស ដែលសុទ្ធតែជាប្រភេទបន្លែងាយស្រួលក្នុងការដាំដុះនៅជុំវិញផ្ទះ ដោយក្នុងរយៈពេលពេញមួយឆ្នាំមានចំនួនរាប់រយលានដុល្លារ។ ដូច្នេះប្រសិនបើមានការដាំដុះបន្លែគ្រឿងផ្សំដែលជាតម្រូវការប្រចាំថ្ងៃទាំងនេះនៅក្បែរផ្ទះ នោះនឹងអាចចូលរួមកាន់បន្ថយចំណាយយ៉ាងសន្ធឹកសន្ធាប់ដោយមិនដឹងខ្លួន ហើយថែមទាំងអាចកាត់បន្ថយនូវអត្រាប្រឈមនឹងការទទួលទានបន្លែដែលមានផ្ទុកសារធាតុគីមីផែមទៀតផង។
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងបែបងាយៗថា បើគិតពីសេដ្ឋកិច្ចនៅក្នុងគ្រួសារមួយដែលត្រូវការដាំស្លរ តែងចំណាយលុយប្រមាណ1000រៀល ដើម្បីទិញជី ស្លឹកគ្រៃ ស្លឹកខ្ទឹម ឬម្ទេសជាដើមក្នុង1ថ្ងៃ។ បើគិតតាមចំនួនប្រជាសាស្ត្រនៅពេលបច្ចុប្បន្ន មានពលរដ្ឋសរុបប្រមាណជាង15លាននាក់។ ក្នុងចំនួននេះបើគិតថាមានតែត្រឹម5លានគ្រួសារប៉ុណ្ណោះ ដែលចំណាយលុយទិញគ្រឿងផ្សំសម្រាប់ស្លប្រចាំថ្ងៃ។ បើក្នុងមួយគ្រួសារចំណាយ1000រៀល ដូច្នេះ 5លានគ្រួសារត្រូវចំណាយ5,000,000,000 រៀល ស្មើនឹងប្រមាណ1,250,000ដុល្លារក្នុង1ថ្ងៃ។ បើគិតដល់1ខែ ត្រូវចំណាយអស់ 37,500,000ដុល្លារ ហើយបើគិតដល់1ឆ្នាំ ត្រូវចំណាយប្រមាណ 450,000,000ដុល្លារ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានលើកឡើងថា៖«ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដាំដុះដំណាំបន្លែបង្ការសម្រាប់ទទួលទានជុំវិញផ្ទះ ព្រោះជីជាតិដីប្រទេសយើង គឺអំណោយផលល្អណាស់ សម្រាប់ដំណាំកសិកម្ម។ ដាំដំណាំបន្លែផ្លែឈើគ្មានដាក់ជីគីមី គឺដើម្បីសុខភាពទាំងអស់គ្នា»។
តាមរយៈអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា៖ ពេញមួយឆ្នាំ2020 កម្ពុជាមានតម្រូវការបន្លែរហូតចំនួនប្រមាណ 1លានតោន ដោយក្នុងនោះការផលិតបន្លែក្នុងស្រុកផ្គត់ផ្គង់ទីផ្សារបានប្រមាណជិត70% និង 30%ទៀតត្រូវនាំចូលពីប្រទេសជិតខាង។
អ្នកជំនាញកសិកម្មបានលើកឡើងថា ត្រឹមតែដំណាំស្លឹកគ្រៃ ជី ស្លឹកខ្ទឹម ឬម្ទេស ជាប្រភេទដំណាំងាយស្រួលដាំដុះ មិនចាំបាច់ចំណាយថវិកាថែទាំច្រើន ប៉ុន្តែពលរដ្ឋមួយចំនួននៅតែមិនចាប់អារម្មណ៍ដាំ ហើយបែរជាត្រូវចំណាយលុយទិញនៅតាមទីផ្សារដើម្បីបំពេញតម្រូវការទទូលទានប្រចាំថ្ងៃទៅវិញ។ ទាំងនេះអាចជាចំនុចមួយតូចមិនសំខាន់ ប៉ុន្តែប្រសិនបើអ្នកអនុវត្តដាំដុះបានច្រើន នោះនឹងឃើញពីអត្ថប្រយោជន៍ និងភាពល្អប្រសើររបស់ដំណាំបន្លែលក្ខណៈគ្រួសារជាក់ជាមិនខាន៕