ស៊ុនលី-ទីផ្សារទេសចរណ៍មកពីតំបន់អឺរ៉ុបត្រៀមធ្វើដំណើរឡើងវិញ ហើយអាចចាយលុយខ្លាំងជាងមុនពេលកូវីដ

បរទេស៖ ទោះបីជាបញ្ហាវិរុសកូវីដបានធ្វើឲ្យពលរដ្ឋដែលរស់នៅក្នុងតំបន់អឺរ៉ុបឃុំខ្លួនស្ទើរតែពេញមួយឆ្នាំនៅក្នុងប្រទេសក្តី ប៉ុន្តែគេជឿជាក់ថានៅវិស្សមកាលរដូវក្តៅនៅឆ្នាំនេះនឹងមិនអាចបន្តរារាំងពួកគេទៀតឡើយ ខណៈដែលនៅតាមបណ្តាប្រទេសមួយចំនួនចាប់អនុវត្តប្រើប្រាស់វ៉ាក់សាំងជាបណ្តើរៗហើយនោះ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅសប្តាហ៍នេះ។

ប្រភពដដែលបានលើកឡើងថា ស្ថានភាពរាតត្បាតនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ប៉ុន្តែក្រុមអ្នកនិយមចូលចិត្តធ្វើដំណើររាប់លាននាក់ ជាពិសេសមានប្រភពមកពីអង់គ្លេសបានធ្វើការកក់សំបុត្រធ្វើដំណើររបស់ខ្លួនព្រមទាំងបានត្រៀមផែនការចាយលុយច្រើនជាងមុនទៀតផងនៅពេលរដូវកាលឈប់សម្រាកនឹងមកដល់លើកនេះ។

ក្រុមហ៊ុនអ្នករៀបចំកញ្ចប់ទេសចរណ៍ធំបំផុតលើពិភពលោក Tui (TUIFF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា អតិថិជនរបស់ខ្លួនប្រមាណជា 2.8 លាននាក់បានកក់សំបុត្រធ្វើដំណើរទេសចរណ៍របស់ពួកគេរួចទៅហើយនៅរដូវក្តៅឆ្នាំ2021 នេះ។ ទោះបីជាចំនួននេះ
នៅមានកម្រិតតិចជាង 44 ភាគរយនៃចំនួនទេសចរណ៍ដែលធ្លាប់បានកក់កាលពីឆ្នាំ2019ក្តី ប៉ុន្តែវាមានអត្រាកើនឡើងដល់ទៅ 5ដង ធៀបទៅនឹងចំនួនដែលមាននៅក្នុងខែមិថុនាដល់ខែតុលាកាលពីឆ្នាំ 2020 កន្លងទៅ។

អ្នកតំណាង Tui ដែលជាក្រុមហ៊ុនមួយត្រូវបានគេដឹងថាមានប្រតិបត្តិការនាវាកំសាន្តដល់ទៅ 15 គ្រឿង និងមានសណ្ឋាគារប្រមាណជា 400 កន្លែងបាននិយាយ
ថា បើពិនិត្យមើលទៅល្បឿននៃការកក់សំបុត្រថ្មីនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺពិតជាច្រើនមែនទែន។ ចំនួននៃការកក់កាលពីខែមករាជាប្រចាំថ្ងៃមានការកើនឡើងដល់ទៅ 70 ភាគរយ
ធៀបទៅនឹងចំនួនការកក់នៅក្នុងខែធ្នូ។

Tui ដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអាល្លឺម៉ង់បានបញ្ជាក់ដែរថា សំបុត្រធ្វើដំណើរទាំងនោះប្រមូលបានប្រាក់កក់មួយចំនួន
តូចប៉ុណ្ណោះសម្រាប់ធានាឲ្យបានកៅអីធ្វើដំណើរ ហើយថែមទាំងផ្តល់សិទ្ធិក្នុងការផ្លាស់ប្តូរសំបុត្រដោយមិនគិតថ្លៃទៀតផងនៅមុនការធ្វើដំណើររយៈពេល21ថ្ងៃ។

សម្រាប់សំបុត្រធ្វើដំណើរនៅរដូវក្តៅនេះគឺមានតម្លៃថ្លៃជាងការធ្វើដំណើរដែលធ្លាប់បានធ្វើកាលពីឆ្នាំ 2019 ដល់ទៅ 20 ភាគរយ ដោយសារតែតម្លៃសំបុត្រយន្តហោះ និងតម្លៃស្នាក់នៅសណ្ឋាគារមានការកើនឡើងខ្ពស់ជាងមុន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner