ក្រសួងវប្បធម៌អំពាវនាវឲ្យអាណាព្យាបាលរំលឹកកូនឲ្យប្រើប្រាស់ទីវានៃសេចក្ដីស្រលាញ់១៤កុម្ភៈក្នុងគោលដៅត្រឹមត្រូវ
ថ្ងៃទី១៤កុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្ដសានិកជនបានកំណត់ថា ជាទិវានៃក្ដីស្រឡាញ់ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យចុងសប្ដាហ៏នេះ។ ក្រសួងវបប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា បច្ចុប្បន្ន ទិវានោះបាន និងកំពុងជ្រៀតចូលមកក្នុងសង្គមកម្ពុជា ជាពិសសេសស្រទាវយុវជនបណ្ដាលឲ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ភាពភ័ន្តច្រឡំនាំឲ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិទៀតផង។
ក្រសួងវប្បធម៌បានបន្តថា ក្នុងបរិការណ៍នេះ ប្រជាជន ជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះវប្បមធ៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងត្រូវសិក្សាឈ្វេងយល់ឲ្យបានគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ពីខាងក្រៅ ដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាឲ្យបាននូវអត្ថិភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ី។
ក្រសួងវប្បធម៌បានបញ្ជាក់ថា ទិវានៃក្ដីស្រឡាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្ដីស្រឡាញ់ប្រកបដោយភាពទូលំទូលាយ និងសន្ដានចិត្តស្មោះសរចំពោះមនុស្សដែលនៅជុំវិញខ្លួនមានជាអាទិ៍ ក្រុមគ្រួសារ ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នា ដូចជា ជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាពជួបជុំពិភាក្សាគ្នា ឬទទួលទានអាហាររួមគ្នាដោយក្ដីសោមនស្សរីករាយ ការសរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ដើម្បីបញ្ជាក់ពីកត្តញ្ញូតាធម៌ ក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ បុព្វការីជន និងចំពោះសង្គមជាតិ។
ជាមួយគ្នានោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន ឲ្យចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានោះ ឲ្យស្របតាមគន្លងប្រពៃណីរបស់ខ្មែរ ដើម្បីកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារ និងពិសេសដើម្បីចូលរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ៕