អត្រាកំណើតថ្មីនៅប្រទេសចិនធ្លាក់ចុះ 15 ភាគរយក្នុងឆ្នាំ 2020

អត្ថបទដោយ៖
ស៊ុន លី

ប្រទេសចិន៖ ការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃម្សិលមិញបានឱ្យដឹងថា អត្រាកំណើតថ្មីនៅក្នុងប្រទេសចិនធ្លាក់ចុះជិតប្រមាណ 15 ភាគរយ ដែលរដ្ឋាភិបាលកំពុងបារម្ភចំនួនប្រជាជននៅថ្ងៃអនាគត សម្រាប់ប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតក្នុងពិភពលោក។ ក្រសួងទទួលបន្ទុកកិច្ចការងារសន្តិសុខសាធារណៈ បានបង្ហាញថា ចំនួនទារកថ្មីមានត្រឹមតែ 10.03 លាននាក់ប៉ុណ្ណោះបានចុះឈ្មោះកាលពីឆ្នាំ 2020 ធៀបទៅនឹងតួលេខកាលពីឆ្នាំ 2019 មានប្រមាណជា 11.79 លាននាក់។

ប្រភពដដែលបញ្ជាក់ថា អត្រាចាប់កំណើតថ្មីសម្រាប់ឆ្នាំ 2020 នេះជាអត្រាធ្លាក់ចុះមិនធ្លាប់មាន គិតចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនចាប់កំណើតឡើងកាលពីឆ្នាំ 1949។ បញ្ហាប្រជាសាស្ត្រនេះនឹងអាចបង្កជាចំណោទបញ្ហាថ្មីមួយសម្រាប់ប្រទេសចិនដែលមានសេដ្ឋកិច្ចធំបំផុតទីពីរក្នុងពិភពលោក។ អត្រាកំណើតថ្មីធ្លាក់ចុះអាចបណ្តាលមកពីបញ្ហាគោលនយោបាយកំណត់ចំនួនកូននៅក្នុងគ្រួសារ បញ្ហាការរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-19 និងបំណងចង់បានកូនពីគ្រួសារថ្មោងថ្មីអូសបន្លាយយឺតយ៉ាវដោយបរិយាកាសសង្គម។

យោងតាមតួលេខចុងក្រោយរបស់ការិយាល័យទទួលបន្ទុកកិច្ចការងារស្ថិតិចិន បានបញ្ជាក់ថា ប្រជាពលរដ្ឋចិនដែលមានអាយុលើសពី 60ឆ្នាំ មានចំនួនប្រមាណជាង 250 លាននាក់កាលពីឆ្នាំ 2020 កន្លងទៅ ដែលចំនួននេះស្មើនឹងប្រមាណ 18 ភាគរយនៃចំនួនពលរដ្ឋសរុប។ បច្ចុប្បន្នប្រជាពលរដ្ឋចិនភាគច្រើនដែលស្ថិតនៅក្នុងវ័យធ្វើការ នឹងកាន់តែកៀកជិតទៅនឹងអាយុចូលនិវត្តន៍។ អ្នកជំនាញប្រជាសាស្ត្របានព្រួយបារម្ភថា ប្រសិនបើចិននៅតែបន្តមានទំនោរបែបនេះវានឹងធ្វើឱ្យចំនួនប្រជាពលរដ្ឋរបស់ខ្លួនធ្លាក់ចុះ ពេលនោះចិននឹងអាចក្លាយទៅជាប្រទេសមានមនុស្សចាស់ច្រើន មុនពេលដែលខ្លួនក្លាយជាប្រទេសអ្នកមាន។

គួររំលឹកដែរថា ច្បាប់មួយដែលប្រទេសចិនអនុវត្តកាលពីឆ្នាំ 1979 ដល់ឆ្នាំ 2015 មានឈ្មោះថា One Child Policy ឬគោលនយោបាយកូនតែមួយក្នុងមួយគ្រួសារ បានធ្វើឡើងក្នុងគោលបំណងដើម្បីគ្រប់គ្រងកំណើនអត្រាប្រជាសាស្ត្រកុំឱ្យមានសន្ទុះកើនលើសលប់។ ច្បាប់នេះបានធ្វើការកែប្រែមកវិញនៅចុងឆ្នាំ 2015 ដោយអនុញ្ញាតិឱ្យគ្រួសារមួយអាចយកកូនបានចំនួនពីរឡើងវិញ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner