សុខាភិបាលប្រាប់ពីអាការៈមនុស្សដែលមិនគួរទទួលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-19

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងសុខាភិបាល ស្តីពីការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-19 Sinopharm នៅក្នុងប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃច័ន្ទកន្លងទៅ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-19 ធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ។ លោកជំទាវបន្តថា ប្រជាពលរដ្ឋត្រូវពិនិត្យសុខភាពឱ្យបានច្បាស់មុននឹងគ្រូពេទ្យសម្រេចចាក់វ៉ាក់សាំងកូវីដ-19 Sinopharm ជូន។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា មុននឹងបុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំង Sinopharm ដល់អ្នកទៅទទួលវ៉ាក់សាំង បុគ្គលទាំងនោះ​ត្រូវជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យសុខភាពនិងវិនិច្ឆ័យអាការៈមួយចំនួនសិន។ ប្រសិនបើមានជំងឺរ៉ាំរៃណាមួយ ជំងឺអាឡែកស៊ី និងអាការៈជំងឺផ្សេងៗទៀតដែលមានក្នុងលក្ខខណ្ឌសុខាភិបាលកំណត់ បុគ្គលនោះមិនអនុញ្ញាតិឱ្យចាក់វ៉ាក់សាំងឡើយ។ 

លោកជំទាវ ឱ វណ្ណឌី “បម្រាបមិនឱ្យចាក់វ៉ាក់សាំងនេះ សំខាន់នោះស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅដោះកូន ហើយស្ត្រីដែលកំពុងមានបំណងយកបុត្រក្នុងរយៈពេលបីខែ នេះគេមិនអនុញ្ញាតិឱ្យចាក់ទេ ! ទន្ទឹមនឹងនេះដែរអ្នកដែលមានជំងឺឆ្កួតជ្រូក ជំងឺប្រកាច់ ឬជំងឺស្កន់ ឬក៏មានជំងឺសរសៃប្រសាទ ឬមានជំងឺរលាកស្រោមខួរ ឬក៏មានជំងឺតំណពូជផ្សេងៗ… អាហ្នឹងក៏គេត្រូវតែពិនិត្យមុននឹងសម្រេចចាក់វ៉ាក់សាំង នេះបើតាមការណែនាំរបស់វិទ្យាស្ថានដែលផលិតវ៉ាក់សាំងស៊ី Sinopharm គឺបានណែនាំមិនឱ្យចាក់ទេ”។

ទន្ទឹមគ្នានេះលោកជំទាវ បានបញ្ជាក់បន្តទៀតថា ដែរអ្នកដែលកំពុងប្រើប្រាស់ថ្នាំគីមីសម្រាប់ព្យាបាលជំងឺ ឬក៏ប្រើប្រាស់កាំរស្មីអ៊ិច រួមទាំងអ្នកមានប្រវត្តិកើតជំងឺ Covid-19 ដែលបានព្យាបាលជាសះស្បើយក៏មិនអនុញ្ញាតឱ្យចាក់បាក់សាំងដែរ។ “ការចាក់វ៉ាក់សាំងនេះជាគោលការណ៍ស្ម័គ្រចិត្ត បើគាត់មិនស្ម័គ្រចិត្តទេយើងក៏មិនចាក់ជូនដែរ”។

សូមបញ្ជាក់ថាសន្និសីទរបស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចំនួនហុកសិបម៉ឺនដូសជាជំនួយជំហានដំបូងរបស់ចិន ផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី07 ខែកុម្ភៈ ឆ្នាំ2021។ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវ៉ាក់សាំង Sinopharm ទាំងនេះ នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួនសាមសិបម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួនសាមសិបម៉ឺនដូស។ តាមការណែនាំវ៉ាក់សាំង Sinopharm តម្រូវឱ្យចាក់លើតែមនុស្សដែលមានអាយុចាប់ពី 18 ឆ្នាំ ទៅដល់ 59 ឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលមានអាយុលើសពី60ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាបន្តទៀតសិន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner