សហព័ន្ធរុស្ស៊ី បានបង្ហាញពីគោលបំណងក្នុងការចូលរួមជួយដល់វិស័យបោសសម្អាតមីននៅកម្ពុជា
បង្ហាញពីគោលបំណងនោះធ្វើឡើងដោយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅកម្ពុជាក្នុងឱកាសជួបពិភាក្សាការងារជាមួយអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រីលី ធុជ នាព្រឹកថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២១ នៅអាជ្ញាធរមីន។ លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រមទាំងបានជួយកសាងធនធានមនុស្សនៅកម្ពុជា រហូតដល់សព្វថ្ងៃនេះ។
លោកក៏បានជម្រាបប្រាប់ដល់ ឯកអគ្គរដ្ឋទូតរុស្ស៊ីថា កម្ពុជា-រុស្ស៊ីមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាប្រវត្តិសាស្ត្ររយៈពេល ៦៥ឆ្នាំមកហើយ។ ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន និងផែនការបន្តសម្រាប់វិស័យសកម្មភាពមីនកម្ពុជា ដែលក្នុងនោះ ខ្ញុំបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចង់ឃេីញណាស់ប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខ សុខដុម និងសុវត្ថិភាពដូចគ្នានិងគ្រប់ទីកន្លែង។
ក្នុងឱកាសនោះ លោក Anatoly Borovik បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះចំណាត់ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានធ្វើអោយគាត់ និងសហការីអាចធ្វើដំណើរីរគ្រប់ទីកន្លែងទូទាំងប្រទេស ដោយមិនភ័យខ្លាចឆ្លងជំងឺកូវីដ។ ជាមួយគ្នានោះ លោក ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីឆន្ទៈ និងគោលបំណងរបស់ប្រទេសរុស្សី ក្នុងការចូលរួមជួយដល់វិស័យបោសសម្អាតមីននៅកម្ពុជា ហើយ ឯកអគ្គរដ្ឋទូត នឹងរាយការណ៍ទៅគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រុស្សី ឲ្យជួយដល់ការងារបោសសម្អាតមីននោះផងដែរ៕