ក្រុមហ៊ុន FedEx ស្នើហោះហើរដឹកទំនិញចេញចូលកម្ពុជានៅក្នុងខែមិថុនាឆ្នាំ២០២១
ការស្នើនោះធ្វើឡើងតាមរយៈឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក Patrick Murphy ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី១១កុម្ភៈឆ្នាំ២០២១។ ជំនួបនោះ ធ្វើឡើងដោយភាគីសហរដ្ឋអាមេរិក ចង់ស្វែងយល់ពីការវិវត្តន៍នៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានលើកឡើងថា គណៈប្រតិភូរបស់កលោក ចង់ស្វែងយល់ពីការវិវត្តន៍នៃការត្រៀមខ្លួនសម្រាប់ការចូលជាសមាជិកអនុសញ្ញាខេបថោន (Cape Town Convention) ព្រមទាំងស្វែងយល់និងទទួលបាននៅការគាំទ្រដល់សំណើររបស់ក្រុមហ៊ុនFedEx ដែលមានគម្រោងហោះហើរដឹកទំនិញចេញចូលកម្ពុជា(Cargo/Freight) នៅក្នុងខែមិថុនាឆ្នាំ២០២១ខាងមុខ។
ជាការឆ្លើតតបក្នុងជំនួបនោះ លោករដ្ឋមន្រ្តីម៉ៅ ហាវណ្ណាល់ បានសន្យថា នឹងពិនិត្យឡើងវិញលើអនុសញ្ញាខេបថោន(Cape Town Convention)ដោយពិនិត្យលើក្រុមការងារត្រូវខិតខំបង្កើនល្បឿនដើម្បីឱ្យទទួលបានលទ្ធផលជាទីគាប់ចិត្ត និងលោកស្នើសុំឱ្យភាគីសហរដ្ឋអាមេរិកជួយផ្តល់ជំនួយបច្ចេកទេសនិងអ្នកជំនាញការជួយតម្រង់ទិសដល់ក្រុមការងារអាកាសចរស៊ីវីលឱ្យសម្រេចបានលទ្ធផលទៅតាមផែនការរបស់ខ្លួន។
ចំពោះក្រុមហ៊ុន FedEx លោកម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា កម្ពុជាបានពិនិត្យ និងគាំទ្រឱ្យមានការហោះហើរមកកម្ពុជាហើយ ប៉ុន្តែដោយសារមានការខ្វះខាតនូវឯកសារមួយចំនួនដែលត្រូវបំពេញបន្ថែម ហើយខាងភាគីសហរដ្ឋអាមេរិកក៏បានយកទៅពិនិត្យពិចារណាហើយ ភាគីកម្ពុជាសន្យាជួយគាំទ្រ និងជួយសម្រួលដល់ក្រុមហ៊ុន FedEx របស់សហរដ្ឋអាមេរិក៕