ទិវាជីវៈចម្រុះអន្តរជាតិ២២ឧសភាឆ្នាំ២០២០ ប្រព្រឹត្តឡើងក្រោមប្រធានបទ “ធម្មជាតិគឺជាដំណោះស្រាយនៃបញ្ហារបស់យើង”

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសហការជាមួយអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានបានរៀបចំយុទ្ធនាការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម និងទូរទស្សន៍ដើម្បីអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ២២ឧសភាឆ្នាំ២០២០ ក្រោមប្រធានបទ“ធម្មជាតិគឺជាដំណោះស្រាយនៃបញ្ហារបស់យើង”។

ប្លែកពីការប្រារព្ធកម្មវិធីនៅទីវាលដូចបណ្ដាឆ្នាំកន្លងមកក្នុងន័យដើម្បីទប់ស្កាត់ការចម្លងជំងឺ  COVID-19 ដែលកំពុងតែបន្តរីករាលដាលនៅទូទាំងពិភពលោកទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២០នេះ ត្រូវបានរៀបចំជាលក្ខណៈវេទិកាជជែកពិភាក្សា និងផ្សព្វផ្សាយតាមបណ្តាញសង្គម និងទូរទស្សន៍ដោយបានលើកយកចំណុចសំខាន់ៗចំនួន៣មកពិភាក្សារួមមាន៖

១) កិច្ចសហប្រតិបត្តិការនិងការរៀបចំគោលនយោបាយ និងច្បាប់ជាតិពាក់ព័ន្ធនឹងជីវៈចម្រុះ, ២) ហិរញ្ញប្បទាននវានុវត្តិ ដើម្បីអភិរក្សជីវៈចម្រុះ(PES),និង ៣) សារៈសំខាន់នៃការចូលរួមរបស់សហគមន៍តំបន់ការពារធម្មជាតិ លើកិច្ចការអភិរក្សជីវៈចម្រុះ និងដោយមានការចូលរួមពីវាគ្មិនមកពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន។

សូមជម្រាបផងដែរថាការប្រារព្ធទិវានេះគឺ បានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្នុងការចូលរួមចំណែកយ៉ាងសកម្ម លើការគ្រប់គ្រងធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និងក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UN-CBD) ក្នុងនាមជាប្រទេសហត្ថលេខី។ វេទិកាជជែកពិភាក្សាសម្រាប់អបអរសាទរ ទិវានេះក៏បានរួមចំណែកបង្កើនចំណេះដឹងដល់សាធារណជន និងលើកទឹកចិត្តឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ឱ្យរួមចំណែកក្នុងការអភិរក្សធនធានជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

សម្រាប់ឆ្នាំ២០២០នេះគឺជាឆ្នាំទី៧នៃការប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ២២ឧសភា ហើយក៏មានការចូលរួមពីបណ្តាមន្ទីរបរិស្ថានរាជធានី/ខេត្តចំនួន៧រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កណ្តាល មណ្ឌលគិរី ពោធិ៍សាត់ កោះកុង និងខេត្តកែបផងដែរ ដេីម្បីរួមគ្នាអបអរសាទរទិវាជីវ:ចម្រុះអន្តរជាតិនេះ ក្នុងពេលតែមួយដោយបានរៀបចំ និងចងបដាពាក្យស្លោកសម្រាប់ផ្សព្វផ្សាយនៅតាមទីប្រជុំជន និងទីសាធារណ:នានា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner