គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃ CAMSOCជជែកលើបញ្ហាធំៗចំនួន៣

អត្ថបទដោយ៖
សារ៉ាន ទីងី

ភ្នំពេញ៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជា ប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំសមាជិករបស់ខ្លួន ដើម្បីលើកឡើងនូវបញ្ហាប្រឈម ក៏ដូចបានបន្តការពិភាក្សាលើទិសដៅការងារបន្តសំខាន់ៗ លើ៣ចំណុចធំៗ នៅក្នុងកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ថា ៣ចំណុចធំៗ ដែលបានយកជជែកគ្នានេះ គឺការបញ្ជា្របការផ្សព្វផ្សាយឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣, ការរៀបចំមជ្ឈមណ្ឌលព័ត៌មាន (Media Center) ក្នុងនោះមាន IBC (International Broadcasting Center) និង Press Center ហើយចុងបញ្ចប់នៃស៊ីហ្គេម ឆ្នាំ២០២៣ យើងនឹងរៀបចំជាឯកសារ ដែលនេះគឺជាភារកិច្ចចម្បងៗរបស់គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន។ អ្វីដែលជាចំណុចស្មុគ្រស្មាញ និងការលំបាកខ្លាំងនោះ គឺការរៀបចំមជ្ឈមណ្ឌលព័ត៌មាននេះឯង ដែលបទពិសោធន៍របស់កម្ពុជាយើងកន្លងមកលើការរៀបចំមជ្ឈមណ្ឌលព័ត៌មាន មិនមែនជាមជ្ឈមណ្ឌលព័ត៌មាន សម្រាប់វិស័យកីឡា ដែលនេះជារឿងថ្មី ដូច្នេះហើយយើងបានស្នើបញ្ជូលសមាជិកបន្ថែមជាជំហានៗ។

«សម្រាប់ឆ្នាំ២០២១នេះ គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃCAMSOC បានស្នើបញ្ជូលសមាសភាពស្ថានីយទូរទស្សន៍ទាំងអស់ជាសមាជិករបស់ខ្លួន ដើម្បីរួមគ្នារៀបចំផែនការពីពេលនេះតទៅរហូតដល់ឆ្នាំស៊ីហ្គេម ២០២៣នោះ ថាតើស្ថានីយទូរទស្សន៍ណាខ្លះមានតួនាទីធ្វើការងារអ្វីខ្លះ។ យើងជៀសមិនផុតទេ ក្នុងការស្នើសុំអ្នកជំនាញការពាក់ព័ន្ធនឹងមជ្ឈមណ្ឌលព័ត៌មានសម្រាប់ស៊ីហ្គេមនេះទេ ហើយថ្មីៗនេះយើងបានភ្ជាប់ទំនាក់ទំនងរវាងគណៈកម្មាធិការធិការជាតិស៊ីហ្គេមរបស់កម្ពុជា និងគណៈកម្មាធិការជាតិស៊ីហ្គេម វៀតណាម។ ប៉ន្តែអ្វីដែលលំបាកខ្លាំង នោះគឺវិបត្តិជំងឺកូវីដ-១៩បង្កការលំបាកដល់ការចេញទៅសង្កេត សិក្សាស្រាវជ្រាវនៃការរៀបចំមជ្ឈមណ្ឌលព័ត៌មាន នេះ»។

ឯកឧត្តមប្រធានគណៈកម្មការរូបនេះក៏បានស្នើសុំឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជាទាំងអស់សូមចូលរួមបញ្ជ្រាបការផ្សព្វផ្យាយឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានយល់ដឹងកាន់តែស៊ីម្រៅអំពីដំណើរការរបស់កម្ពុជាឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣កាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងដំណើរឆ្ពោះទៅទទួលរៀបធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ជាលើកដំបូង និងជាប្រវត្តិសាស្ត្រ របស់កម្ពុជាយើងទាំងអស់គ្នា តាមរយៈការចូលរួមបើកករគោរពច្បាប់ចរាចរ ចូលរួមថែរក្សាបរិស្ថាន-អនាម័យស្អាត លេងកីឡាដើម្បីសុខភាពជាដើម៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner