ជម្លោះពាក្យសម្ដីដាក់គ្នាមួយប្រាវ ដកកាំភ្លើងបាញ់ប្រហារ ស្លាប់មនុស្ស៣នាក់ ខ្មាន់កាំភ្លើង និងបក្ខពួកនាំគ្នាគេចខ្លួនបាត់

ភ្នំពេញ ៖ អ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ មានទំនាស់ជាមួយម្ចាស់រថយន្តមួយគ្រឿង ខណៈបើកឈប់ចតមុខផ្ទះមួយភ្លែត ក៏កើតជាជម្លោះពាក្យសម្ដីដាក់គ្នាមួយប្រាវ រួចអ្នករត់ម៉ូតូកង់បីបានហៅបក្ខពួកមកបាញ់ប្រហារ បណ្ដាលឲ្យស្លាប់បុរស៣នាក់ជាបន្តបន្ទាប់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទយីហោ «ពន្លក ថ្មី» តាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១. ឈ្មោះ ប៉ូ សូភី, ទី២. ឈ្មោះ ស៊ី ដេត និងទី៣. មិនស្គាល់អត្តសញ្ញាណ។

  យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងមកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុខាងលើ បន្ទាប់មកឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមកពីក្រោយ រួចស៊ីផ្លេដាក់រថយន្តឲ្យអែប ខណៈផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដីដាក់គ្នាមួយប្រាវ បន្ទាប់មកអ្នកបើកម៉ូតូកង់បី ក៏បានបើកចេញទៅបាត់។

 លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខអ្នកបើកម៉ូតូកង់បី និងបក្ខពួកជិះម៉ូតូជាច្រើនគ្រឿងមកកន្លែងកើតហេតុវិញ ហើយអ្នកម៉ូតូកង់បីឥណ្ឌានោះ បានស្ទុះទៅដកកាំភ្លើងពីបក្ខពួកដែលជិះម៉ូតូ យកមកបាញ់សំដៅទៅលើម្ចាស់រថយន្ត ខណៈកំពុងអង្គុយកំពុងផឹកស៊ីជាមួយជនរងគ្រោះដទៃទៀតនៅមុខហាង ចំនួន៣គ្រាប់ ត្រូវបុរស៣នាក់ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុម្នាក់ និងពីរនាក់ទៀតរងរបួសធ្ងន់។ ឃើញដូចនេះ ខ្មាន់កាំភ្លើង និងបក្ខពួកបាននាំគ្នាបើកម៉ូតូកង់បី និងម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានយកជនរងគ្រោះទាំង៣នាក់ ដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេក ក៏ស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យជាបន្តបន្ទាប់ចំនួនទាំងបីនាក់។

ក្រោយហេតុការណ៍ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើការហ៊ុព័ទ្ធនៅចំណុចទីតាំងខាងលើ ដើម្បីងាយស្រួលពិនិត្យ និងធ្វើការស្រាវជ្រាវ៕ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner