5 ឆ្នាំខាងមុខតាក់ស៊ីហោះនឹងត្រូវប្រើប្រាស់សម្រាប់អតិថិជនរបស់អាកាសចរអាមេរិកមួយ
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរអាមេរិក United Airlines បានធ្វើការប្រកាសទិញយករថយន្តតាក់ស៊ីដែលអាចហោះបានចំនួនដល់ទៅ 200 គ្រឿងក្នុងគោលបំណងធំសម្រាប់ដឹកជញ្ជូនភ្ញៀវរបស់ខ្លួននៅក្នុងរយៈពេល 5 ឆ្នាំខាងមុខ។
United Airlines ត្រូវបានគេដឹងដែរថានឹងអាចក្លាយទៅជាអាកាសចរដំបូងបំផុតដែលបានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់រថយន្តតាក់ស៊ីដែលអាចហោះបានហើយវាត្រូវបានគេមើលឃើញដែរថាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានតម្លៃដល់ទៅ 1,1 ពាន់លានដុល្លារ។ ក្រៅពីនេះក្រុមហ៊ុនក៏បានវិនិយោគទៅលើក្រុមហ៊ុនផលិតរថយន្តតាក់ស៊ីហោះ Archer ក្នុងការអភិវឌ្ឍយន្តហោះផ្ទាល់ខ្លួនផងដែរ។
ទោះបីជាយ៉ាងណាក្តីគេបានដឹងទៀតដែរថាយន្តហោះទាំងនោះនឹងត្រូវការអជ្ញាបណ្ណពីច្បាប់អន្តរជាតិមុនពេលដែលការទិញលក់នឹងអាចធ្វើទៅបាន។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា United Airlines បានសហការជាមួយនឹងក្រុមហ៊ុនអាកាសចរក្នុងស្រុក Mesa Airlines ដើម្បីទិញយកយន្តហោះអគ្គិសនីរបស់ Archer
ដែលអាចធ្វើការហោះឡើងត្រង់ដូចជាឧទ្ធម្ភាគចក្រផងដែរជាមួយនឹងកិច្ចព្រមព្រៀងទំហំ 1 ពាន់លានដុល្លារដូចគ្នា។
ក្រុមហ៊ុន Archer ដែលត្រូវបានគេស្គាល់ថាជា start-up ថ្មីមានមូលដ្ឋាននៅក្នុងទីក្រុង Carlifornia បាននិយាយថារថយន្តតាក់ស៊ីដែលអាចហោះហើររបស់ខ្លួនមួយនេះនឹងអាចដំណើរការហោះហើរបានក្នុងចំងាយរហូតទៅដល់ 95 គីឡូម៉ែត្រក្នុងការសាកថ្ម និងចាក់សាំងម្តងជាមួយនឹងល្បឿនដល់ទៅ 240 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសមត្ថភាពពិសេសរបស់វាគឺអាចកាត់បន្ថយសារជាតិកាបូនឌីអុកស៊ីតដល់ទៅពាក់កណ្តាលនៃរថយន្តតាក់ស៊ីធម្មតា។
គួរឲ្យដឹងដែរថាក្រុមហ៊ុនអាកាសចរជាច្រើននៅក្នុងអំឡុងពេលកូវីដបានទទួលរងការវាយប្រហារយ៉ាងខ្លាំង ហើយយន្តហោះរបស់ខ្លួនជាច្រើនគ្រឿងត្រូវបានបញ្ឈរជើងចោលក្នុងនោះUnited Airlines បានខាតបង់ប្រាក់ប្រមាណជាង 7 ពាន់លានដុល្លាររួចមកហើយកាលពីឆ្នាំទៅ និងកំពុងបន្តអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នដោយប្រាក់ជំនួយរបស់រដ្ឋាភិបាលប៉ុណ្ណោះដើម្បីអាចបើកប្រាក់ខែជូនបុគ្គលិករបស់ខ្លួន។
អ្នកសេដ្ឋកិច្ចវិទូជាច្រើនបានមើលឃើញថាស្ថានភាពកូវីដនៅពេលនេះគឺបានក្លាយទៅជាឱកាសក្នុងការប្រើប្រាស់ថវិកាជំនួយជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍ និងផ្លាស់ប្តូរបច្ចេកវិទ្យាធ្វើដំណើរតាមអាកាសចេញពីការបំពុលអាកាសដោយសារសារជាតិកាបូន៕