ឥរិយាបថអប់រំវិជ្ជមាន ៥ ចំណុចជួយឱ្យកុមារតូចងាកមកស្រឡាញ់ការសិក្សា

អត្ថបទដោយ៖
ស៊ុន លី

ការអប់រំ៖ សិស្សរៀនពូកែភាគច្រើនកើតមកមិនពូកែពីកំណើតនោះទេ វាអាចអាស្រ័យលើមជ្ឈដ្ឋានដែលពួកគេរស់នៅ គួបផ្សំនឹងទម្លាប់អានសៀវភៅ ឧស្សាហ៍ព្យាយាមរៀនសូត្រ ព្រមទាំងឥរិយាបថអប់រំវិជ្ជមានពីម្តាយឪពុក។ ប្រសិនបើម្តាយឪពុកបានបណ្តុះទម្លាប់កូនពីតូចឱ្យស្រឡាញ់ការសិក្សា នោះកូននឹងមានទម្លាប់ស្រឡាញ់ការសិក្សាពេញមួយជីវិត។ សំណួរពេលនេះ ចុះបើកូនមិនចូលចិត្តរៀន តើម្តាយឪពុកគួរមានវិធីបែបណាដើម្បីឱ្យកុមារងាកមកចាប់អារម្មណ៍លើការសិក្សាវិញ? ខាងក្រោមនេះជាវិធីដែលអាចសាកល្បងជាមួយកុមារតូច ជំរុញឱ្យពួកគេក្លាយជាមនុស្សចូលចិត្តរៀនសូត្រឡើងវិញ។

១. បង្កើតបរិយាកាសល្អសម្រាប់ការអានសៀវភៅ៖ ម្តាយឪពុកគួរចំណាយពេលត្រឹមម្ភៃនាទីត្រឹមមួយថ្ងៃ ដើម្បីអានសៀវភៅជាមួយកូន និងសន្ទនាខ្លឹមសារក្នុងសៀវភៅជាមួយកូនរបស់ដោយបរិយាកាសរីករាយនិងស្នឹទ្ធស្នាល។ ពេលម្តាយឪពុកមានទម្លាប់អានសៀវភៅបែបនេះ ហាក់ដូចជាបណ្តុះចំណង់របស់កូន ចំពោះ​ការអាននិងការរៀនសូត្រជាក់ជាពុំខាន។

២. ផ្តល់ឯករាជ្យដល់ការសិក្សាដល់កូន ៖ ម្តាយឪពុកគួរចំណាយពេលបង្រៀនកុមារឱ្យមានទម្លាប់គ្រប់គ្រងការសិក្សាផ្ទាល់ខ្លួន និងរៀនដោះស្រាយបញ្ហាដោយខ្លួនឯង។ លោកគ្រូអ្នកគ្រូនៅសាលាបានចូលរួមអប់រំឥវិយាបថរបស់កុមារមួយផ្នែក ប៉ុន្តែបើម្តាយឪពុកបង្រៀនពីរបៀបគ្រប់គ្រងពេលវេលា គ្រប់គ្រងសម្ភារៈសិក្សា និងបង្ហាត់ពីវិធីគ្រប់គ្រងអារម្មណ៍ដល់កូនឱ្យបាននឹងនបន្ថែមទៀតនោះ ពួកគេនឹងក្លាយជាមនុស្សច្បាស់លាស់ក្នុងការសិក្សានៅថ្ងៃអនាគត។

៣. លើកទឹកចិត្ត ផ្តល់ទំនាក់ទំនងស្មោះត្រង់ និងបើកចំហ៖ លើកទឹកចិត្តវាវិធីសាស្ត្រអប់រំកូនបែបវិជ្ជមាន។ តួនាទីជាម្តាយឪពុកត្រូវចេះសួរនាំពីអារម្មណ៍របស់កូនពេលកំពុងរៀនសូត្រថាតើមានអ្វីកើតឡើងខ្លះ? ម្តាយឪពុកគួរបង្កើតបរិយាកាសកក់ក្តៅនិងសមស្របមួយ អាចឱ្យកូននិយាយគ្រប់រឿងរ៉ាវដែលពួកគេមាន ពេលនោះហើយជាការលើកទឹកចិត្ត ផ្តល់ទំនាក់ទំនងស្មោះត្រង់ និងបើកចំហដួងចិត្តចំពោះកូន។

៤. ប្រើកម្មវិធីហ្គេមសម្រាប់ការសិក្សា៖ កម្មវិធីហ្គេមសម្រាប់កុមារមួយចំនួនមិនត្រឹមជួយឱ្យកុមារសប្បាយរីករាយប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យកុមាររៀនសូត្រពីភាពឆ្លាតវៃ គំនិតច្នៃប្រឌិត រូបភាព ពណ៌ ការគណនាលេខថែមទៀតផង។ ភាពទាក់ទាញហ្គេមមានឥទ្ធិពលខ្លាំងដល់កុមារ ប៉ុន្តែបើម្តាយឪពុកគ្រប់គ្រងពេល​វេលាសិក្សានេះមិនបានល្អ កុមារអាចនឹងញៀនហ្គេមភ្លេចដល់ការសិក្សាក៏ថាបាន។

៥.ទទួលស្គាល់និងផ្តល់រង្វាន់សម្រាប់លទ្ធផលរៀនសូត្ររបស់កូនៗ៖ ពេលខ្លះទំនងសុភមង្គលរបស់កុមារ គឺរង្វាន់នេះហើយ។ រង្វាន់លើកទឹកចិត្តមានឥទ្ធិពលដល់ការសិក្សាយ៉ាងខ្លាំង។ ទោះបីកូនរបស់អ្នកទទួលបានលទ្ធសិក្សាបែបណាក៏ដោយ ត្រូវលើកទឹកចិត្តនិងផ្តល់រង្វាន់តាមលទ្ធភាពដល់ពួកគេ។ ផ្តល់រង្វាន់តិចតួចស្តួចស្តើងនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែង ប្រសើរជាងស្តីបន្ទោស ឬដាក់សម្ពាធដល់កូន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner