អ្នកស្រី គីម ស៊ីដដាវីស “លទ្ធផលនៅថ្ងៃអនាគត ស្ថិតនៅលើការគិតក្នុងបច្ចុប្បន្ន”

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ មនុស្សម្នាក់ៗមានរបៀបគិតផ្សេងៗគ្នា ហើយលទ្ធផលនៃការគិតក៏ខុសគ្នាដែរ អាស្រ័យលើស្ថានភាព ចំណេះដឹង និងបទពិសោធដែលធ្លាប់ឆ្លងកាត់ក្នុងជីវិត។ ទាក់ទងនឹងដំណើរនៃការគិតនេះ សុភាសិតខ្មែរមួយឃ្លាក៏បានពោលដែរថា “គិតមុននឹងគូ” មានន័យថាគិតឱ្យបានល្អិតល្អន់មុននឹងសម្រេចធ្វើសកម្មភាព។ ជុំវិញវិធីប្រើប្រាស់សិល្បៈគំនិតនេះ អ្នកស្រី គីម ស៊ីដដាវីស មានប្រសាសន៍តាមរយៈបណ្ដាយសង្គម DAILY PLUS Learning ថា “អនាគតរបស់អ្នកបែបណា អាស្រ័យទៅលើការគិតរបស់អ្នកបែបនោះ”។

អ្នកស្រី គីម ស៊ីដដាវីស ជាគ្រូបង្រៀនមុខវិជ្ជាជំនាញនៃការគ្រប់គ្រង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា “នៅពេលដែលអ្នកមានរបៀបគិតបែបណា នោះអ្នកនឹងបញ្ចេញនូវឥតរិយាបថបែបហ្នឹង ! ហើយនៅពេលអ្នកបញ្ចេញឥរិយាបថបែបហ្នឹង អ្នកនឹងទទួលបានលទ្ធផលអីចឹងដូចគ្នា។ មនុស្សគ្រប់គ្នាគួរតែត្រូវដឹងថាខ្លួនឯងមានពិធីគិតរបៀបណា ព្រោះពាក់ព័ន្ធជាមួយវិធីគិតគេបែងចែកជាពីរប្រភេទ ផ្នត់គំនិតបែបថេរ (Fixed Mindset) និងផ្នត់គំនិតបែបរីកចម្រើន (Growth Mindset)”។

អ្នកស្រីបានបន្តពន្យល់ថា មនុស្សដែលមានផ្នត់គំនិតថេរ ឬ Fixed Mindset ជាបុគ្គលដែលជឿថាអ្នកណាក៏ដោយដែលអាចធ្វើអ្វីបានលុះត្រាតែអ្នកនោះ មានជំនាញពីកំណើត បើគ្មានជំនាញពីកំណើតនោះទេពួកគេមិនអាចធ្វើរឿងអ្វីមួយបានឡើយ។ មួយវិញទៀតមនុស្សបែបនេះតែងតែគិតថារឿងអ្វីដែលថ្មីៗជារឿងមួយដែលមិនគួរសាកល្បងនោះទេ បើសាកល្បងទៅវាអាចមិនល្អ ឬអាចនឹងបរាជ័យ។

ដោយឡែក ផ្នត់គំនិតរីកចម្រើនវិញ ឬ Growth Mindset អ្នកស្រី ស៊ីដាវីស បានពន្យល់ថា “ពួកគាត់ជាបុគ្គដែលចូលចិត្តសាកល្បងអ្វីថ្មី ធ្វើរឿងដែលមិនធ្លាប់ធ្វើ ហ៊ានប្រឈមជាមួយបញ្ហា ហ៊ានជំនៈឧបសគ្គ និងហ៊ានដោះស្រាយនៅចំពោះមុខ”។ អ្នកស្រីបានបញ្ជាកថា មនុស្សទាំងពីរប្រភេទនេះមិនមានលក្ខណៈដូចគ្នានោះទេ សូម្បីតែឥរិយាបថដែលពួកគេបង្ហាញមកខុសគ្នា និងលទ្ធផលដែលពួកគេទទួលបានក៏ខុសគ្នាផងដែរ។

ឆ្លើយនឹងសំណួរថា តើធ្វើបែបណាទើបអាចកែប្រែផ្នត់គំនិតខ្លួនឯងឱ្យទទួលបានលទ្ធផលល្អ? អ្នកស្រីបានបញ្ជាក់ចំណុចនេះថា “មុននឹងចង់កែប្រែផ្នត់គំនិតរបស់ខ្លួនឯង ពួកគេត្រូវដឹងថាខ្លួនស្ថិតនៅក្នុងផ្នត់គំនិតបែបណា។ បើពួកគេស្ថិតនៅក្នុងផ្នត់គំនិតបែបផ្នត់គំនិតថេរ (Fixed Mindset) ពួកគេត្រូវកែប្រែទាំងស្រុងតែម្ដង ប៉ុន្តែបើស្ថិតនៅក្នុងផ្នត់គំនិតរីកចម្រើន (Growth Mindset) អាចមិនចាំបាច់ផ្លាស់ប្ដូរនោះទេ គ្រាន់តែបន្តធ្វើវាឱ្យបានល្អប្រសើរជាងមុនគឺគ្រប់គ្រាន់ហើយ”។

អ្នកស្រី គីម ស៊ីដដាវីស បញ្ជាក់បន្ថែមថា យុវជនត្រូវស្វែងរកបុគ្គលជានិមិត្តរូបផ្ទាល់ខ្លួន (Idol) រួចផ្តលើសិក្សាអំពីរបៀបគិតរបស់បុគ្គលនោះ ឥរិយាបថ និងលទ្ធផល។ លើសពីនេះ យុវជនគួរកំណត់គោលដៅខ្លួនេងឱ្យបានច្បាស់លាស់ ដឹងថាខ្លួនឯងចង់បានអ្វី ចង់ឱ្យជីវិតរបស់ខ្លួនឯងក្លាយទៅជាបន្ទាប់ ហើយចង់ឱ្យខ្លួនឯងក្លាយជាអ្នកណានៅក្នុងរយៈពេលពីរឆ្នាំ ប្រាំឆ្នាំ និងដប់ឆ្នាំខាងមុខ។ “ត្រូវកំណត់គោលដៅខ្លួនឯងឱ្យបានច្បាស់ ទើបអាចទទួលបានលទ្ធផលសម្រេច។ ម៉្យាងវិញទៀត ពួកគេគួរតែផ្លាស់ប្ដូរសកម្មភាពធ្វើជាប្រចាំថ្ងៃ ដោយយើងអាចប្ដូរម្ដងបន្តិចៗ មិនយូរនោះទេវានឹងអាចផ្លាស់ប្ដូរមកជាល្អតែម្ដង”៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner