កម្ពុជា និងសហរដ្ឋអាមេរិក ពិភាក្សាអំពីលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត

កិច្ចពិភាក្សានោះធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងពណិជ្ជកម្មលោក ប៉ាន សូរស័ក្ដិ ជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃ១៦កុម្ភៈឆ្នាំ២០២១ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលទោះជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ កន្លងទៅ ដែលក្រោយមកវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ដែលថ្មីៗនេះកម្ពុជាបានចូលនិងកំពុងសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចសម្រួលពាណិជ្ជកម្ម ដែលថ្មីៗនេះ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធព័ត៌មាន (CamDX) សំដៅសម្រួលការចុះបញ្ជីពអាជីវកម្ម និងទាក់ទាញវិនិយោគបន្ថែមទៀត។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានពិភាក្សាផងដែរអំពីលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យឌីជីថល ការងារអាទិភាពផ្សេងទៀតពាក់ព័ន្ធនឹងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។យោងតាមរបាយការណ៍ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបានកើនឡើងដល់៦ពាន់៩២០លានដុល្លារក្នុងឆ្នាំ២០២០ ដែលកើនឡើងប្រមាណ១៧,៨%បើធៀបទៅនឹងឆ្នាំ២០១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner