វិស័យអាកាសចរណ៍សិង្ហបុរីនឹងទទួលបានកញ្ចប់ជំនួយបន្ថែម 870 លានដុល្លារសម្រាប់ឆ្នាំនេះ

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរព្រមទាំងក្រុមហ៊ុនសំខាន់ៗនៅក្នុងវិស័យអាកាសចរផ្សេងទៀតនឹងត្រូវទទួលបានកញ្ចប់ប្រាក់ជំនួយហិរញ្ញវត្ថុប្រមាណជា 870 លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំនេះពីសំណាក់រដ្ឋាភិបាលនៃប្រទេសសិង្ហបុរី។

សេចក្តីប្រកាសជាផ្លូវការដែលត្រូវបានធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Heng Swee Keat បានបញ្ជាក់ថាកញ្ចប់លុយ 870 លានដុល្លារនេះនឹងត្រូវយកទៅប្រើប្រាស់បន្តជំនួយសម្រាប់វិស័យនេះក្រោយពេលដែលកន្លងមករដ្ឋាភិបាលក៏បានផ្តល់ប្រាក់ជំនួយជាច្រើនលានដុល្លារជាបន្តបន្ទាប់រួចមកហើយ។

ទំហំមួយចំនួននៃលុយនេះដែលមានដូចជាប្រាក់បង់សេវាថ្លៃចុះចតប្រមាណជា 10 ភាគរយត្រូវគឺនឹងត្រូវប្រគល់ជូនវិញទៅដល់ក្រុមហ៊ុនអាកាសចរ ហើយប្រាក់ប្រមាណជា 50 ភាគរយដែលពួកគេបានបង់ថ្លៃជួលជាមួយនឹងអាកាសយានដ្ឋានចំនួន 2 គឺ Changi Airport និង Seletar Airport ទៅលើអគារការិយាល័យ និងកន្លែងចតយន្តហោះផងដែរនោះក៏នឹងត្រូវប្រគល់ត្រឡប់ទៅឲ្យពួកគេវិញដែរ។

កាលពីឆ្នាំកន្លងទៅ រដ្ឋាភិបាលសិង្ហបុរីបានបញ្ចេញកញ្ចប់ជំនួយប្រមាណជា 383 លានដុល្លាររួចមកហើយទៅឲ្យវិស័យអាកាសចរដែលរួមមានទាំងកញ្ចប់ជំនួយប្រមាណជា 112 លានដុល្លារកាលពីខែកុម្ភៈ ដោយកញ្ចប់ជំនួយប្រមាណជា 187 លានដុល្លារនៅក្នុងខែសីហា និងប្រមាណជា 84 លានដុល្លារទៀតកាលពីខែធ្នូ។

លោក Heng បានបញ្ជាក់ដែរថា វិស័យធ្វើដំណើរតាមអាកាសនៅលើសកលលោកនៅតែជួបបញ្ហាប្រឈមនៅឡើយខណៈដែលបណ្តាព្រំដែនអន្តរជាតិជាច្រើននៅតែបន្តបិទហើយមកដល់ពេលនេះ។ តួលេខបានបញ្ជាក់ថាអ្នកធ្វើដំណើរមកដល់អាកាសយានដ្ឋាន Changi របស់ខ្លួនមានត្រឹមតែ 2 ភាគរយប៉ុណ្ណោះនៃចំនួនអ្នកធ្លាប់ធ្វើដំណើរមកដល់ទីនេះមុនពេលកូវីដកាលពីខែមករាឆ្នាំមុន។

លោកបន្តទៀតថា ៖ ក្រុមហ៊ុនអាកាសចរទាំងឡាយមកដល់ពេលនេះគួរចាំបាច់ត្រៀមខ្លួនឲ្យបានល្អប្រសើរ និងយកពេលវេលាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញជាពិសេសក្នុងការបញ្ចូលបច្ចេកវិទ្យាថ្មីដើម្បីអាចធ្វើការពិនិត្យការធ្វើដំណើរឲ្យកាន់តែមានសុវត្ថិភាព៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner