អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យ​កងកម្លាំងចម្រុះ ដែលកំពុងឈរជើងប្រចាំការ នៅគោលដៅនានាតាមបណ្តោយ ព្រំដែន​កម្ពុជា-ថៃ នៅក្នុងភូមិសាស្ត្រខេត្ត

ក្នុងឱកាសចុះពិនិត្យមើលកងកម្លាំងចម្រុះដែលកំពុងឈរជើងប្រចាំការ តាមគោលដៅនានាតាមបណ្តោយ ព្រំដែនកម្ពុជា- ថៃ នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជំរុញអោយសមត្ថកិច្ចចម្រុះ ត្រូវបន្តពង្រឹងវិធានការឱ្យបានតឹងរ៉ឹងចំពោះពលករចំណាកស្រុក ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩ ពីក្រៅប្រទេស ខណៈដែលប្រទេសថៃកំពុងតែផ្ទុះការចម្លងជំងឺដ៏កាចសាហាវនេះក្នុងសហគមន៍។

ឯកឧត្តម អ៊ុ រាត្រី គូសបញ្ជាក់ថា ការពង្រឹងសមត្ថកិច្ចតាមព្រំដែនគឺជាការអនុវត្ត តាមការណែនាំរបស់រាជ  រដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក។  ឯកឧត្តមក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារតាមបន្ទាត់ព្រំដែន តាមគោលដៅទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរតាមគោលដៅដែលខ្លួនទទួលខុសត្រូវ។ ត្រូវយកចិត្តទុកដាក់ ជួយដល់ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ ដោយត្រូវសហការឱ្យបានល្អជាមួយមន្ត្រីសុខាភិបាល   ត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក១៤ថ្ងៃសិន មុននឹងដឹកជញ្ជូន ទៅកាន់ស្រុកកំណើតវិញ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

ឯកឧត្តម បន្ថែមទៀតថា អ្វីដែលសំខាន់កម្លាំងសមត្ថកិច្ច ត្រូវបង្កើនការទប់ស្កាត់ឱ្យបាន និងជួយផ្សព្វផ្សាយអប់រំបន្ថែមដល់ប្រជាពលរដ្ឋកុំឱ្យពួកគាត់លួចឆ្លងដែនចេញចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់តាមការបោកពីមេខ្យល់វាគ្រោះថ្នាក់ណាស់ ហើយបើសមត្ថកិច្ចឃាត់ខ្លួនបាន នោះក៏តម្រូវឱ្យធ្វើតេស្ត ធ្វើចត្តាឡីស័ក ។

    ជាមួយគ្នានេះ ឯកឧត្តម អ៊ុ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុង ក្រៅប្រទេស សូមចូលរួមអនុវត្តន៍តាមការផ្សព្វផ្សាយអប់រំណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានចាក់ផ្សាយរាល់ថ្ងៃពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងចូលរួមថែរក្សាអនាម័យបរិស្ថានថែរក្សាសុខភាពដោយខ្លួនឯង បើមាន បញ្ហាសុខភាពខុសពីប្រក្រតីសូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ជាបន្ទាន់៕ ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner