លោកជំទាវ យក់ សម្បត្តិ ប្រកាសថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ជំនួយថវិកា១៥០លានរៀល សម្ភារៈ និងស្បៀងថែមទៀត ដល់ខេត្តចំនួន៦ ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចផ្តល់ជំនួយថវិកា ១៥០លានរៀល សម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៦ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករ។

លោកជំទាវ យក់ សម្បត្តិ បន្តថា ខេត្តទាំង៦ ដែលទទួលបានថវិកា សម្ភារ និងស្បៀងនេះ រួមមាន៖ ១- ខេត្តបាត់ដំបង ទទួលបានទឹកសុទ្ធ១ពាន់កេស, ២- ខេត្តបន្ទាយមានជ័យ ទទួលបាន ឃីត១ពាន់, ៣- ខេត្តឧត្តរមានជ័យ ទទួលបាន ឃីត៥០០ និងទឹកសុទ្ធ៥០០កេស, ៤- ខេត្តកោះកុង ទទួលបានថវិកា៥០លានរៀល ឃីត១០០, ៥- ខេត្តពោធិសាត់ ទទួលបានថវិកា៥០លានរៀល និង៦- ខេត្តព្រះវិហារទទួលបានថវិកា៥០លានរៀល ។

លោកជំទាវ រដ្ឋលេខាធិការបានបន្ថែមថា ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ ។

សូមរម្លឹកថា គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ មានពលករខ្មែរជាង៣.៥ម៉ឺននាក់ហើយបានត្រឡប់មកប្រទេសកម្ពុជា ក្នុងនោះអ្នកកំពុងធ្វើចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនទាំង៧ មានចំនួន ១១,៨៥៧នាក់ ហើយក្នុងចំណោមអ្នកឆ្លងដែនពីប្រទេសថៃនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ៨៩នាក់ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner