សិង្ហបុរី៖អ្នកធ្វើការក្នុងវិស័យអាកាសចរនឹងទទួលប្រាក់ខែ 50 ភាគរយសម្រាប់បុគ្គលិកក្នុងស្រុក

បរទេស៖ យោងតាមសេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងសាធារណៈការ និងដឹកជញ្ជុនរបស់ប្រទេសសិង្ហបុរីកាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា រាល់ក្រុមហ៊ុនដែលស្ថិតនៅក្នុងវិស័យអាកាសចរទាំងអស់របស់ខ្លួននឹងអាចទទួលបានកញ្ចប់ប្រាក់ជំនួយពីកម្មវិធីរបស់រដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដល់ប្រាក់ខែរបស់បុគ្គលិករបស់ខ្លួនដល់ទៅ 50 ភាគរយ។

លោកឧបនាយករដ្ឋមន្ត្រី Heng Swee Keat ដែលបានថ្លែងនៅក្នុងបទសន្ទរកថាមួយកាលពីថ្ងៃអង្គារកន្លងទៅអំពីកញ្ចប់ជំនួយដែលត្រូវបានអនុម័តដោយរដ្ឋសភានោះបានបញ្ជាក់ថាកញ្ចប់ប្រាក់ប្រមាណជា 870 លានដុល្លារនឹងត្រូវបានត្រៀមរួចរាល់សម្រាប់ជួយដល់វិស័យអាកាសចរដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ។

ក្រោមគម្រោងជំនួយគាំទ្រដល់ការងារ ឬ JSS ដែលធ្លាប់បានប្រកាសនាពេលកន្លងមកក្រុមហ៊ុនអាកាសចរនានាគឺអាចទទួលបានប្រាក់ខែសម្រាប់បុគ្គលិករបស់ខ្លួនដល់ទៅ 30 ភាគរយចាប់ពីខែមេសាដល់ខែមិថុនានិង 10 ភាគរយចាប់ពីខែកក្កដាដល់ខែកញ្ញា ប៉ុន្តែនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃពុធកញ្ចប់ប្រាក់ប្រមាណជា 330 លានដុល្លារទៀតដែលនឹងត្រូវបន្ថែមពីលើកញ្ចប់ប្រាក់ដែលមានស្រាប់មួយនេះ។

ដូចនេះអ្នកធ្វើការនៅក្នុងវិស័យអាកាសចរនឹងអាចទទួលបានប្រាក់ខែរបស់ខ្លួនដល់ទៅ 50 ភាគរយនៃប្រាក់ខែគោល ប៉ុន្តែសម្រាប់តែពលរដ្ឋជនជាតិសិង្ហបុរី ឬអ្នកដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសសិង្ហបុរីតែប៉ុណ្ណោះ ហើយគិតចាប់រាប់ពីខែមេសាទៅដល់ខែកញ្ញាជាមួយនឹងកម្រិតប្រាក់អតិបរិមា 4,600 ដុល្លារក្នុងម្នាក់។

ក្រៅពីនោះក្រសួងក៏បានដាក់លក្ខខណ្ឌមួយចំនួនផងដែរសម្រាប់ក្រុមហ៊ុនអាកាសចរដែលអាចដាក់ពាក្យទទួលបានកញ្ចប់ប្រាក់ជំនួយនោះបានដូចជាក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi ជាដើម លើសពីនេះក្រុមហ៊ុន និងបុគ្គលិកក៏នឹងនៅតែទទួលការគាំទ្រជាមួយនឹងកម្មវិធីបណ្តុះបណ្តាលបន្ថែមរបស់រដ្ឋាភិបាលផងដែររហូតទៅដល់ខែធ្នូ។

ប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរជាច្រើនបានសំដែងការសាទរចំពោះរដ្ឋាភិបាល ហើយបាននិយាយថាក្នុងស្ថានភាពដ៏លំបាកបែបនេះកញ្ចប់ជំនួយសម្រាប់វិស័យអាកាសចរ ឬ OneAviation Support Package for Budget 2021 នេះគឺពិតជាបានជួយដល់វិស័យអាកាសចរយ៉ាងប្រសើរហើយក្រុមហ៊ុននឹងខិតខំប្រឹងប្រែងជួយថែរក្សាកេរ្ត៍ឈ្មោះជូនដល់សិង្ហបុរីសម្រាប់ការប្រកួតប្រជែងនៅក្នុងទីផ្សារធ្វើដំណើរតាមអាកាសនៅពេលខាងមុខ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner