ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រកាសណែនាំក្រុមហ៊ុន មួយចំនួនមករកស៊ី លើវិស័យស្រូវអង្គរនៅកម្ពុជា

ភ្នំពេញ៖ ខណៈចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ Maria Amelita C. Aquino  ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពិន បានទទួលស្គាល់រួចហើយនូវក្រុមហ៊ុនរកស៊ីលើវិស័យស្រូវអង្ករ មួយចំនួនកម្ពុជា។ លោកជំទាវ បានអះអាងថា នឹងណែនាំក្រុមហ៊ុនទាំងនេះឱ្យសិក្សាវិនិយោគលើវិស័យស្រូវអង្ករនេះនៅកម្ពុជា។ លោកជំទាវ លើកឡើងពីទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ កន្លងមកមានការរីកចម្រើនជាលំដាប់ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម បានស្នើភាគីហ្វីលីពីន ពិនិត្យមើលលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា និងកៀរគរធុរជនហ្វីលីពីនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាបង្កើតរោងចក្រកែច្នៃ ផលិតផល កសិ-ឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារហ្វីលីពីន និងសកលលោក។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងថាគោលការណ៍ថ្មីរបស់ប្រទេសហ្វីលីពីន បានអនុញ្ញាតឱ្យវិស័យឯកជន របស់ខ្លួនមកទិញអង្ករដោយផ្ទាល់ ឱ្យតែអនុលោមតាមវិធានការអនាម័យ-ភូតគាមអនាម័យរបស់ហ្វីលីពីន ដោយមិនចាំបាច់ ឆ្លងកាត់តាមរយៈយន្ដការរបស់រដ្ឋាភិបាលទៀតឡើយ។

លោកជំទាវ បានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនបានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនមួយចំនួនសម្រាប់ ធ្វើពាណិជ្ជកម្ម ស្រូវអង្ករ ហើយស្ថានទូតនឹងផ្ញើបញ្ជីនោះមកក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុន ហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្ដី ប៉ាន សូរស័ក្តិ ក៏បានស្នើសុំឱ្យធុរជនហ្វីលីពីនពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្មដទៃទៀត​ពីកម្ពុជារួមមាន៖ ដំឡូងមី ពោត និងផលិតផលសក្ដានុពលសំខាន់ៗផ្សេងទៀតទៅកាន់ទីផ្សារហ្វីលីពីន។

ឯកឧត្តមរដ្ឋមន្រ្ដីពាណិជ្ជកម្ម ក៏បានជំរុញឱ្យសភាពាណិជ្ជកម្មកម្ពុជា និងហ្វីលីពិន ចុះហត្ថលេខាលើ​អនុស្សរណៈ​នៃការ​យោគយល់ (MoU) ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានអញ្ជើញភាគីហ្វីលីពីន ចូលរួមនូវកម្មវិធី​ពិព័រណ៌​ពាណិជ្ជកម្ម​អន្ដរជាតិរបស់កម្ពុជា ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយវិបត្តិកូវីដ-១៩បានបញ្ចប់ទៅ។

ឯកឧត្តម ប៉ាន សូរស័ក្តិ និងលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពិន បានប្តេជ្ញាចិត្តបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីឱ្យកាន់តែរឹងមាំងបន្ថែមទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner