ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំ “ពិគ្រោះយោបល់លើសេចក្តីព្រាងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មម៉ាស្សាសុខភាព និងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ” សម្រាប់ជំហានទី២

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពញ ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារជំរុញ និងលើកស្ទួយវិស័យ ទេសចរណ៍ក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ-១៩ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំ “ពិគ្រោះយោបល់លើសេចក្តីព្រាងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មម៉ាស្សាសុខភាព និងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ (KTV) ក្លឹបកំសាន្ត និងបៀរហ្គាឌិន” សម្រាប់ជំហ៊ានទី២ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី មន្ត្រីរាជការក្រសួងទេសចរណ៍ មន្ត្រីជំនាញមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងប្រតិបត្តិករម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងរាជធានីភ្នំពេញប្រមាណជាង ២០០នាក់ផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណេប សាមុត បានជម្រាបជូនអង្គប្រជុំថា ក្នុងស្មារតីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីរក្សាបាននូវស្ថេរភាពនៃការដំណើរការអាជីវកម្ម គឺតម្រូវឱ្យគ្រប់អាជីវកម្ម ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវ។
គួររំលឹកផងដែរថាកន្លងមកក្រសួងទេសចរណ៍បានដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់កាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (ជំហានទី១) ចំនួន ០៦សេវាកម្ម សុទ្ធសឹងជាប្រភេទសេវាកម្មដែលកំពុងដំណើរការអាជីវកម្មរួមមាន ៖
ទី១.)សេវាកម្មស្នាក់នៅទេសចរណ៍
ទី២.)សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
ទី៣.)សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក
ទី៤.)សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក
ទី៥.)រមណីយដ្ឋានទេសចរណ៍ និង
ទី៦.)សហគមន៍ទេសចរណ៍។
ឯកឧត្តម ណេប សាមុត បានបន្តថា វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ជំហានទី២នេះ ផ្តោតសំខាន់ទៅលើអាជីវកម្មដែលប្រកាសឱ្យផ្អាកមួយរយៈក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដូចនេះ ដើម្បីឱ្យអាជីវកម្ម បើកដំណើរការឡើងវិញបាន តម្រូវឱ្យអាជីវកម្មបំពេញបានតាមលក្ខណវិនិច្ឆ័យដែលបានកំណត់់ដូចតទៅ៖។
១. វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មម៉ាស្សាសុខភាពរួមមាន៖ ០៩លក្ខខណ្ឌតម្រូវ ២១ កម្មវត្ថុនៃការវាយតម្លៃ ៧៤ចំនុចត្រូវត្រួតពិនិត្យ (ក្នុងនោះរួមមាន ៣៧ការអនុវត្តតម្រូវចាំបាច់ និង ៣៧ការ អនុវត្តជាជម្រើស)។
២. វិធានសុវត្ថិភាពលទសចរណ៍សម្រាប់អាជីវកម្ម “ខារ៉ាអូខេ” រួមមាន៖ ១២លក្ខខណ្ឌតម្រូវ ១៤កម្មវត្ថុនៃការវាយតម្លៃ ៧១ចំនុចសម្រាប់ត្រួតពិនិត្យ (ក្នុងនោះរួមមាន ៥៥ ការអនុវត្តតម្រូវចាំបាច់ និង ១៦ការអនុវត្តជាជម្រើស) ។
៣.វិធានសុវត្ថិភាពលទសចរណ៍សម្រាប់អាជីវកម្មក្លឹបកម្សាន្ត (រង្គសាល និងឌីស្កូតែក) រួមមាន៖ ១២លក្ខ- ខណ្ឌតម្រូវ ១៥កម្មវត្ថុនៃការវាយតម្លៃ ៦៦ចំនុចសម្រាប់ត្រួតពិនិត្យ (ក្នុងនោះរួមមាន ៤៩ការអនុវត្តតម្រូវចាំបាច់ និង ១៧ការអនុវត្តជាជម្រើស)។
៤. វិធានសុវត្ថិភាពលទសចរណ៍សម្រាប់អាជីវកម្មបៀរហ្គាឌិនរួមមាន៖ ១៣លក្ខខណ្ឌតម្រូវ ១៥កម្មវត្ថុនៃការវាយតម្លៃ ៧០ចំនុចសម្រាប់ត្រួតពិនិត្យ ក្នុងនោះមាន(ក្នុងនោះរួមមាន ៥២ការអនុវត្តតម្រូវចាំបាច់ និង ១៨ការអនុវត្តជាជម្រើស)។

អាជីវកម្មត្រូវចូលរួមអនុវត្ត និងបំពេញនូវគ្រប់ចំនុចការអនុវត្តតម្រូវចាំបាច់ នឹងទទួលបានឡាបិលទទួលស្គាល់អាជីវកម្ម ដែលមានសុវត្ថិភាពប្រឆាំងនឹងកូវីដ-១៩ និងអាចបើកអាជីវកម្មបាន (ត្រៀមដាក់អនុវត្តនៅពេលមានការអនុញ្ញាតពីរដ្ឋាភិបាលឱ្យដំណើរការឡើងវិញ) ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner