សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនថ្មី

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី.អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនថ្មី ប្រចាំព្រះ-រាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី.អាគីណូ ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចវិបុលសេនាភក្តីមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតនឹងបន្តខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាជននៃប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ក្នុងឱកាសនោះ លោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី. អាគីណូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវឯកអគ្គរដ្ឋទូតបានសន្យាថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យវិនិយោគ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា ក្នុងបេសកកម្មការទូតរបស់លោកជំទាវ គឺផ្តោតសំខាន់លើការជួយជំរុញឱ្យមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននៃប្រទេសទាំងពីរ ពីព្រោះចាប់តាំងពីការចាប់ផ្តើមនៃទំនាក់ទងការទូតនៃប្រទេសទាំងពីរ ទំនាក់ទំនងទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរមានតាំងពីយូលង់ណាស់មក។

លោកជំទាវឯកអគ្គរដ្ឋទូតបានសន្យាថា នឹងខិតខំចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅព្រះ-រាជាណាចក្រកម្ពុជា ពីព្រោះកត្តាធនធានមនុស្សមានសារសំខាន់ណាស់ សម្រាប់ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ក្រៅពីនេះ ប្រទេសហ្វីលីពីនបានផ្តល់អាហាររូបករណ៍ដល់និសិ្សតកម្ពុជាទៅសិក្សាវិស័យវិទ្យាសាស្ត្រ និងវិស័យផ្សេងៗទៀត នៅប្រទេសហ្វីលីពីន។ លោកជំទាវក៏បានសន្យាផងដែរថា នឹងខិតខំប្រឹងប្រែងស្វែងរកអាហារូបករណ៍បន្ថែមទៀត សម្រាប់និសិ្សតកម្ពុជា ព្រមទាំងសហការរៀបចំវគ្គបណ្តុះបណ្តាលតាម រយៈស្ថាប័នអប់រំនៅព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូតបានគួសបញ្ជាក់អំពីទំនាក់ទំនងអន្តរសភា ជាពិសេសសភានៃប្រទេសទាំងពីរ តែងមានការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក។ នាពេលខាងមុខ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅឆ្នាំ២០២១ និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅឆ្នាំ២០២២ ព្រមទាំងការរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ លោកជំទាវសូមគាំទ្រ និងអញ្ជើញភាគីហ្វីលីពីនចូលរួមក្នុងព្រឹតិ្តការណ៍សំខាន់ៗទាំងអស់នេះផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា នៅឆ្នាំ២០២២ខាងមុខនេះ គឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតនៃប្រទេសហ្វីលីពីន-កម្ពុជា។ លោកជំទាវបានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយនឹងភាគីពាក់ព័ន្ធ ក្នុងការរៀបចំពិធីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឱ្យបានកាន់តែអធិកអធម។ ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយប្រជាជនហ្វីលីពីនដែលកំពុងស្នាក់នៅប្រទេសកម្ពុជា ដែលបានបង្កើតសភាពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ ហើយបន្ទាប់ពីជំងឺកូវីដ១៩នេះផុតរលត់ទៅ សភាពាណិជ្ជកម្មនេះនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរ។ ការរីកចម្រើន និងទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ចំពោះការផ្តល់អាហារូបករណ៍ដល់និសិ្សត និងមន្រ្តីរាជការកម្ពុជាឱ្យបានទៅសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៅតាមសកលវិទ្យាល័យនានានៅប្រទេសហ្វីលីពីន។ សម្តេចក៏បានសម្តែងនូវសចេក្តីរីករាយចំពោះការបង្កើតសភាពាណិជ្ជកម្មហ្វីលីពីននៅព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។ សម្តេចសង្ឃឹមថា បន្ទាប់ពីបញ្ចប់ជំងឺកូវីដ-១៩ យន្តការនេះនឹងបន្តដំណើរការ ដែលនឹងជួយជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទសទាំងពីរ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាក៏បានស្នើដល់លោកជំទាវឯកអគ្គរដ្ឋទូត ជួយចលនា និងលើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគិនហ្វីលីពីនមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា និងជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តីបានថ្លែងអំណរគុណដល់ស្ថានទូតហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានជួយរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមរយៈការផ្តល់គ្រូបង្រៀនបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងពេលកន្លងទៅនេះ។ សម្តេចសង្ឃឹមថាស្ថានទូតហ្វីលីពីននឹងបន្តគាំទ្រលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពភាសាអង់គ្លេស និងជំនាញនានាៗ ដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានាពេលខាងមុខបន្ថែមទៀត។

សម្តេចវិបុលសេនាភក្តីបានគូសបញ្ជាក់ថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នាខែតុលា ឆ្នាំ២០២១ និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅឆ្នាំ២០២២។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានស្នើសុំការគាំទ្រ និងអញ្ជើញសភាហ្វីលីពីនចូលរួមក្នុងកិច្ចប្រជុំទាំងអស់នេះ។ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើនូវការសួរសុខទុក្ខ ដោយសេចក្តីគោរព រាប់អានដ៏ខ្ពង់ខ្ពស់ជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋហ្វីលីពីន។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានត្រៀមខ្លួននឹងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត និងស្ថានទូតហ្វីលីពីនប្រចំាព្រះរាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះក្នុងព្រះរាជាណាចក្រកម្ពុជា៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner