ទណ្ឌកម្មអាមេរិក៖តួលេខលក់ស្មាតហ្វូនធ្លាក់ចុះខ្លាំង Huawei ងាកមករកស៊ីជាមួយកសិដ្ឋានចិញ្ចឹមជ្រូក
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃសុក្រនេះបានឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានងាកយកបច្ចេកវិទ្យារបស់ខ្លួនមកធ្វើការជាមួយនឹងកសិដ្ឋានចិញ្ចឹមជ្រូកជំនួសវិញខណៈដែលផលិតផលស្មាតហ្វូន និងបច្ចេកវិទ្យា 5G របស់ខ្លួនកំពុងទទួលរងទណ្ឌកម្មយ៉ាងតានតឹងពីសំណាក់អាមេរិក។
ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះត្រូវបានគេមើលឃើញថាហាក់បីដូចជាកំពុងតែបានបន្ថយកិច្ចការងារផលិតសមាសភាគសំខាន់ៗរបស់ខ្លួនមួយចំនួននៅក្រោយពេលដែលទទួលបានទណ្ឌកម្មធ្ងន់ៗពីសំណាក់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិកអាណិត្តមុន Donald Trump កន្លងមក។ ជាការឆ្លើយតបតួលេខលក់ស្មាតហ្វូនរបស់ Huawei ពិតជាបានធ្លាក់ចុះយ៉ាងខ្លាំង ហើយកំពុងបែរទៅស្វែងរកឧិកាសក្នុងការបង្កើន
ប្រភពចំណូលឡើងវិញតាមរយៈបច្ចេកវិទ្យារបស់ខ្លួនដែលមានស្រាប់។
ព្រមជាមួយនឹងការប្រើប្រាស់បចេ្ចកវិទ្យា AI (Artificial Intelligence)ជាមួយនឹងក្រុមកសិករចិញ្ចឹមជ្រូកផងនោះក្រុមហ៊ុនក៏កំពុងចាប់ផ្តើមដំណើរការបច្ចេកវិទ្យារបស់ខ្លួនទៅជាមួយនឹងឧស្សាហកម្មរុករករ៉ែផងដែរ។
រំលឹកដែរថាកន្លងមករដ្ឋាភិបាលរបស់លោក Trump បានចោទប្រកាន់ថា Huawei គឺបានប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនតាមរយៈស្មាតហ្វូនក្នុងការចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់របស់ខ្លួនទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំងទោះបីជាជារឿយៗ Huawei នៅតែបានប្រកែកថាមិនបានធ្វើបែបនេះក៏ដោយ។
ជាលទ្ធផលដែលអាចសន្មត់កាលពីត្រីមាសចុងក្រោយឆ្នាំ 2020 កន្លមកតួលេខលក់របស់ Huawei បានធ្លាក់ចុះដល់ទៅ 42 ភាគរយសារតែបញ្ហាចំបង គឺការកំណត់ចំនួនការផ្គត់ផ្គង់បន្ទះឈីបក្រោមទណ្ឌកម្មរបស់អាមេរិក ហើយលើសពីនេះសូម្បីតែបច្ចេកវិទ្យា5Gរបស់ខ្លួនក៏ត្រូវជាប់គាំងនៅក្នុងបណ្តាប្រទេសជាច្រើនបូករួមទាំងអង់គ្លេសផងដោយសារទណ្ឌកម្មរបស់អាមេរិកដដែលនេះ។
មានរបាយការណ៍ជាច្រើនបានអះអាងថា Huawei នឹងកាត់បន្ថយការផលិតស្មាតហ្វូនរស់ខ្លួននៅក្នុងឆ្នាំ2021 នេះដល់ទៅ 60 ភាគរយតិចជាងតួលេខឆ្នាំមុន ប៉ុន្តែ
មកដល់ពេលនេះគឺមិនទាន់ការបញ្ជាក់ជាផ្លូវការណាមួយពីសំណាក់ក្រុមហ៊ុននៅឡើយទេ៕