ទិន្នផល និងតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះ សង្ឃឹមមានសន្ទុះកើនឡើង

រដូវប្រមូលផលនៃគ្រាប់ស្វាយចន្ទីជាទូទៅចាប់ផ្តើមនៅខែកុម្ភៈ ហើយបន្តរហូតដល់ចុងខែឧសភា ដែលកសិករនៅតាមបណ្តាខេត្តមួយចំនួនកំពុងចាប់ផ្តើមប្រមូលផលស្វាយចន្ទីរបស់ខ្លួនជាបណ្តើរៗហើយ ដោយរំពឹងទទួលបានទិន្នផលគ្រាប់ស្វាយចន្ទី និងតម្លៃខ្ពស់នៅក្នុងឆ្នាំនេះ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS ថា ខេត្តមួយចំនួនបានចាប់ផ្តើមប្រមូលផលគ្រាប់ស្វាយចន្ទីហើយ ប៉ុន្តែចំការនៅតាមបណ្តាខេត្តផ្សេងទៀត មិនទាន់ចាប់ផ្តើមនៅឡើយទេ ព្រោះការផ្តល់ផលក៏ពុំទាន់ទទួលបានពេញលេញ។ យើងក៏ឃើញមានក្រុមហ៊ុនជប៉ុន និងកូរ៉េ បានបង្កើតឡើងជាច្រើន សម្រាប់ជំរុញចង្វាក់ផលិតកម្មគ្រាប់ស្វាយចន្ទីនេះ លើសពីនេះក៏មានរោងចក្រកែច្នៃដែលមានឧបករណ៍ខ្នាតធំកំពុងសាងសង់ជាបន្តបន្ទាប់ផងដែរ ដោយសារប្រជាកសិករ នៅខេត្តកំពង់ធំ ព្រះវិហារជាដើម បានពង្រីកផ្ទៃដីដាំដុះរបស់ខ្លួន។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖ « ការប្រមូលផលគ្រាប់ស្វាយចន្ទី ជាធម្មតាចម្ការស្វាយចន្ទី ចាប់ផ្តើមផ្តល់ទិន្នផលរបស់ពួកគេ នៅដើមខែកុម្ភៈ។ ឆ្នាំនេះការប្រមូលផលនឹងត្រូវពន្យារពេលហើយអាចដល់ខែមិថុនា។ តែសង្ឃឹមថាទិន្នផល និងតម្លៃនឹងទទួលបានល្អ»។

លោកឧកញ៉ាបានកត់សម្គាល់ថា៖ «តម្លៃគ្រាប់ស្វាយចន្ទីពេលនេះ មានតម្លៃ 5,000 រៀលទៅ 8,000រៀលក្នុងមួយគីឡូក្រាមដោយតម្លៃឡើងចុះ។ ប៉ុន្តែលោកបានបន្ថែមថាតម្លៃបច្ចុប្បន្ននៅតែល្អប្រសិនបើកសិករធ្វើតាមស្តង់ដារស្ងួត និងថែទាំ ឬលក់ក្នុងទិន្នផលដែលសម្ងួតបកសំបករួច។ លោកឧកញ៉ាបានលើកឡើងពីតម្លៃនៃរដូវប្រមូលផលកាលពីឆ្នាំទៅ ដែលចាប់ផ្តើមពី 6,000រៀល ក្នុងមួយគីឡូក្រាម »។

លោក ឆេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមានជ័យបានប្រាប់ AMS ថាទិន្នផលស្វាយចន្ទីជាមធ្យមនៅក្នុងសហគមន៍ គឺអាចលក់បានពី 1ទៅ 1,5 តោនក្នុងមួយហិកតា អាស្រ័យលើដីចំការ និងការថែទាំ។ សម្រាប់សហគមន៍សំបូរមានជ័យ មានដំណាំស្វាយចន្ទីចំនួនប្រមាណជាង 200ហិកតានាពេលបច្ចុប្បន្ន។

លោក ឆេង ថុង បានមានប្រសាសន៍ថា៖ «រដូវប្រមូលផលដំបូងឆ្នាំនេះ មានតម្លៃល្អប្រហែល 5,600 ទៅ 5,800 រៀលក្នុងមួយគីឡូក្រាម តែសហគមន៍យើងមិនទាន់បានប្រមូលផលច្រើននៅឡើយទេ។ តែយើងមានសុទិដ្ឋិនិយមថាតម្លៃគ្រាប់ស្វាយចន្ទីនឹងមិនមានបញ្ហាទេក្នុងរយៈពេល5 ឆ្នាំខាងមុខ។ បញ្ហាដែលយើងប្រឈមនោះ គឺយើងលក់ជាគ្រាប់ស្រស់ មិនមានការសម្ងួត បកសំបក រួចកែច្នៃហើយនោះទេ»។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាផ្ទៃដីដាំស្វាយចន្ទីសរុប របស់ព្រះរាជាណាចក្រកម្ពុជា មានចំនួន 258,984 ហិកតា ។ការនាំចេញគ្រាប់ស្វាយចន្ទីសម្រេចបាន 230,981តោនក្នុងឆ្នាំ 2020កន្លងទៅ។

យោងតាមសមិទ្ធផលរបស់ក្រសួងកសិកម្មក្នុងឆ្នាំ2020 បានបង្ហាញថាបានផ្តល់វិញ្ញាបនបត្រភូតគាមអនាម័យ សម្រាប់នាំចេញកសិផលក្នុងបរិមាណសរុប 4,873,461តោនទៅកាន់ 47ប្រទេស រួមមានដំឡូងមីក្រៀម 1.52លានតោន -ដំឡូងមីស្រស់ 723,590តោន -ស្រូវ 685,825តោន -ចេកអំបូងលឿងស្រស់ 333,143តោន និងគ្រាប់ស្វាយចន្ទី 218,981តោនផងដែរ។

សូមបញ្ជាក់ដែរថាកម្ពុជាបាននាំចេញផលិតផលកសិកម្មសំខាន់ៗសម្រេចបានសរុប 203, 485 តោន ក្នុងខែមករា ដើមឆ្នាំ 2021នេះ ដោយក្នុងនោះគ្រាប់ស្វាយចន្ទីមានចំនួន 3,183 តោន។ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាចម្បងទៅកាន់ប្រទេសវៀតណាម ជប៉ុន និងចិន ហើយក៏កំពុងព្យាយាមទាក់ទាញអ្នកទិញកាន់តែច្រើនមកកម្ពុជា ដើម្បីជាប្រយោជន៍ដល់សមាជិកកសិករ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner