វៀតណាមថា COVAX នឹងផ្តល់វ៉ាក់សាំងកូវីដ១៩ដល់ខ្លួន ៣០លានដូស
ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៦០លានដូស នៅក្នុងឆ្នាំ២០២១នេះ រួមបញ្ជូលទាំង៣០លានដូសតាមរយៈកម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោកហៅកាត់ថា WHO ផងដែរ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាល Nguyen Thanh Long ប្រកាសឲ្យដឹង នៅថ្ងៃទី១៩ កុម្ភៈនេះ។
វៀតណាគឺជាប្រទេសមួយក្នុងពិភពលោកដែលបានជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ដោយសារតែការរឹតបន្តឹងលើសកម្មភាពចត្តាឡីស័ក និងការធ្វើតេស្តទ្រង់ទ្រាយធំជាដើម។ វៀតណាមមានអ្នកកើតកូវីដ១៩ សរុបចំនួន២៣៤៧នាក់ ស្លាប់៣៥នាក់ គិតត្រឹមថ្ងៃនេះ។
គួររម្លឹកដែរថា កាលពីខែមករា វៀតណាមបានអះអាងពីការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០លានដូស ពីក្រុមហ៊ុនអង់គ្លេស AstraZeneca ហើយរដ្ឋាភិបាលក៏អះអាងដែរថា ២០ម៉ឺន៤ពាន់ដូសនឹងមកដល់ នាថ្ងៃទី២៨ កុម្ភៈ ខណៈដែលវ៉ាក់សាំងផលិតក្នុងប្រទេសទំនងជាចែកចាយក្នុងស្រុក នៅត្រឹមខែឧសភា៕