ម្ចាស់ស្ទូតឌីយោ “កកូរ” គង់ ដាលីន ចាត់ទុកកំហុសថ្ងៃនេះ ជាមេរៀនសម្រាប់ថ្ងៃស្អែក

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ក្នុងដំណើរជីវិតវែងឆ្ងាយមនុស្សម្នាក់ៗមានគោលបំណងខុសៗគ្នា ហើយការតស៊ូក្នុង​ជីវិត​របស់​មនុស្ស​ក៏មា​ន​រូប​ភាពខុសគ្នាដែរ។ បរា​ជ័​​យនឹងរត់តាមជានិច្ច ប្រសិ​នបើ​ជីវិត​ម្នាក់​ៗ​ខ្វះ​ការ​តស៊ូ មិនខិតខំប្រឹ​ងប្រែង ព្រមទាំងគ្មានគោលដៅច្បាស់លាស់។ ជីវិតជាការតស៊ូនេះ យុវតី គង់ ដា​លីន មានទំនុកចិត្តលើខ្លួនឯងស្វែងរកជោគជ័យតាមក្ដីស្រមៃ ដោយចាប់ផ្ដើមចេញធ្វើការដំបូងតាំងពីមិនទាន់បញ្ច​ប់​​ថ្នាក់វិទ្យាល័យ។ ក្នុងរយ:ពេលដ៍ខ្លីកញ្ញាបានបង្កើតជាអាជីវកម្មស្ទូតឌីយោថតរូបមួយ មានឈ្មោះថា “កកូរស្ទូតឌីយោ​” ហើយបានក្លាយជាអ្នកគ្រប់គ្រងនៅទីនោះ។

កញ្ញា គង់ ដាលីន៖ “ខ្ញុំបានទទួលការងារដំបូងក្នុងពេលកំពុងរៀនថ្នាក់ទី11 ជាពិធីការិនីប្រចាំកម្មវិធីយុវវ័យ (Teentalk) នៅស្ថានីយ៍ទូរទស្សន៍មួយ ហើយវាជាការងារដំបូងរបស់ខ្ញុំ ដែលត្រូវបានកម្មវិធីនោះទាក់ទងមក បន្ទាប់ពីបានឃើញវីដេអូរបស់ខ្ញុំនៅក្នុងយូធូបផលិតសម្រាប់ការកម្សាន្តនៅពេលទំនេរ”។

យុវតីដែលមានស្រុកកំណើតនៅក្នុងខេត្តសៀមរាបរូបនេះ ធ្លាប់ធ្វើការងារជាអ្នកបង្កើតមាតិកា និងជាពិធីការនីទូរទ​ស្ស​ន៍​ ស្របពេលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ​។ ការងារនេះបានបង្រៀនដាលីនច្រើន ជាពិសេសបានផ្ដល់ឱកាសពង្រីកទំនាក់ទំនងជាមួយមនុស្សជាច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ ក្រោយដាលីនបានចូលបម្រើការងារនៅទស្សនាវដ្ដីពាណិជ្ជកម្មមួយក្នុងនាមជាអ្នកសរសេរអត្ថបទព័ត៌មាន។

នៅចុងឆ្នាំ 2019 កញ្ញា គង់ ដាលីន បានបង្កើតស្ទូតឌីយោកកូរ ដើម្បីផ្ដល់សេវាកម្មថតរូបនិងថតស្ពតពាណិជ្ជកម្ម។ សម្រាប់ដាលីន “ខ្ញុំតែងតែទទួលយកយោបល់​ និងការណែនាំល្អៗពីអ្នកជុំវិញខ្លួន ខ្ញុំមានទំនុកចិត្តក្នុងការសម្រេចលើឆាកជីវិតខ្លួនឯង ថាតើអ្វីល្អមិនល្អសម្រាប់ខ្លួនឯង! ខ្ញុំមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ មកផ្លាស់ប្ដូរគោលដៅរបស់ខ្ញុំបានឡើយ” ។

ម្ចាស់ស្ទូឌីយោកកូរវ័យម្ភៃពីរឆ្នាំ ដាលីន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកឌីសាញតុបតែងលំអរខាងក្នុង នៅសកលវិទ្យាល័យលីមកុកវីងកម្ពុជា នៅឆ្នាំ 2019 ។ ​អាជីវ​កម្ម​ដំបូ​ង​ ធ្វើឱ្យដាលីនជួបបញ្ហាមួយចំនួនខុសការរំពឹងទុក ប៉ុន្តែបញ្ហាទាំងនោះដាលីនបានចាត់ទុកជាមេរៀន និងមើលឃើញឱកាសជោគជ័យជាច្រើន។

“អាជីវកម្មដំបូងជួបបញ្ហា ពេលខ្លះធ្វើឱ្យខ្ញុំវង្វេងទិសដៅ និងបន្ទោសខ្លួនឯង ប៉ុន្តែខ្ញុំតែងរំលឹកខ្លួនឯងថា កំហុសថ្ងៃនេះជាមេរៀនសម្រាប់ថ្ងៃស្អែក” កញ្ញា គង់ ដាលីន។

គង់ ដាលីន និយាយទាំងស្នាមញញឹមថា គំនិតច្នៃប្រឌិតរបស់មនុស្សកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែគំនិតទាំងនោះ​អាច​ដុះ​ដា​ល​ទៅបានអាស្រ័យលើការតាំងចិត្តធ្វើឱ្យបានល្អបំផុត។ មុននឹងបញ្ចប់កិច្ចសន្ទនាជាមួយ AMS កញ្ញា គង់ ដាលីន បានបង្កើបពីកិច្ចការដែលខ្លួនត្រូវធ្វើបន្តថា “ក្រៅពីពង្រឹងអាជីវកម្មផ្ទាល់ខ្លួនឱ្យដំណើរការល្អ ខ្ញុំមានក្ដីស្រមៃបង្កើតជាគម្រោងផ្សេងៗដើម្បីលើកស្ទួយវប្បធម៌ទេសចរណ៍ និងបរិស្ថាននៅកម្ពុជា ”៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner