សម្តេចក្រឡាហោមផ្តល់ នូវ អាគារសិក្សាថ្មីបន្ថែមដល់វិទ្យាល័យព្រះមុនីវង្ស ចំនួន ៦០បន្ទប់ ដើម្បីបំពេញតំរូវការរបស់សាលានិងសិស្សនៅទីនោះ

អត្ថបទដោយ៖
Kien Sereyvuth

  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះទៅពិនិត្យមើល វិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីតំរូវការជាក់ស្តែងចាំបាច់មួយចំនួន របស់សាលា និងក្មួយៗសិស្សានុសិស្សនៅទីនោះដោយបានផ្តល់នូវការសាងសង់អាគារថ្មីបន្ថែម ១ខ្នង កម្ពស់៤ជាន់ ចំនួន៣០បន្ទប់ ដោយទុកលំហខាងក្រោមអគារ សម្រាប់ដាក់ម៉ូតូ-ឡាន។ហើយអគារថ្មីនេះគ្រោងសង់នៅជាប់របងប៉ែកខាងជើងសាលា ( រ៉បផ្លូវជាតិលេខ៥ )។ ដោយឡែក នៅពេលខាងមុខជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានផ្តល់នូវអគារថ្មី ១ខ្នងស្មើនិង៣០បន្ទប់បន្ថែមទៀត ដោយមានកម្ពស់៤ជាន់និងទុកលំហផ្នែកខាងក្រោមអគារដូចគ្នាផងដែរ។ ហើយអគារ០១ខ្នងនេះ គឺសាងសង់លើទីតាំងនៃអគារសិក្សាចាស់ជាប់និងរបងប៉ែកខាងកើត។ ដោយត្រូវរុះរើ និង វាយអគារចាស់ចោល ដើម្បីយកទីតាំងសាងសង់នូវអគារថ្មី ចំនួន៤ជាន់ ៣០បន្ទប់ ជំនួសវិញ។

       នេះបើតាមការគូសបញ្ជាក់ ពីនាយកវិទ្យាល័យព្រះមុនីវង្ស លោក អេង ភិរុណ ខណៈពេលអមដំណើរសម្តេចក្រឡាហោមអញ្ជើញចុះពិនិត្យមើលនៅទីនោះនៅព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១នេះដោយមានវត្តមាន របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ប្រធានមន្ទីរអប់រំខេត្ត រួមនិងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀតផងដែរ។

       បើតាមការគូសបញ្ជាក់ឲ្យដឹងបន្ថែម ពីលោកអេង ភិរុណ នាយកវិទ្យាល័យព្រះមុនីវង្ស ក៏បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ឲ្យដឹងផងដែរថា៖ ដោយសារតែតំរូវការ សម្រាប់ថ្នាក់រៀន និង ការសិក្សារបស់ក្មួយៗនៅទីនេះ កន្លងមកសាលាបានជួបនូវកង្វះថ្នាក់រៀនមួយចំនួន។ ការផ្តល់នូវអគារសិក្សាថ្មីបន្ថែមទៀតដែលជាអំណោយ របស់ សម្តេចក្រឡាហោម ស ខេង នៅពេលនេះពិតជាឆ្លើយតបពីតំរូវការចាំបាច់របស់សាលា និងជួយសម្រួលដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្សកាន់តែប្រសើរថែមទៀត។ លោកនាយកវិទ្យាល័យរូបនេះក៏បានគូសបញ្ជាក់ទៀតថា៖ អគារថ្មីនេះគ្រោងនិងសាងសង់ហើយនិងបញ្ចប់ការសាងសង់យ៉ាងយូរនៅឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ។

        ដោយក្តីរំភើបត្រេកអរ ចំពោះសមិទ្ធផលថ្មីដែលនិងលេចចេញនូវរូបរាងថ្មីបន្ថែមទៀតនៅពេលខាងមុខនេះ លោក អេង ភិរុណ នាយកវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា  ជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ដែលតែងតែផ្សារភ្ជាប់នូវសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត នៅគ្រប់កាលៈទេសៈនិងគ្រាលំបាក៕        ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner