សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា ឆ្លងកូវីដសហគមន៍ជាលើកទី៣ ព្រឹត្តិការណ៍២០កុម្ភៈ រកឃើញអ្នកឆ្លងកូវីដថ្មីរហូតដល់ ៣២នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ តាមរយៈសារពិសេសជូនជនរួមជាតិនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសជាបន្ទាន់ថា ក្នុងរយ:ពេលតែ១០ម៉ោង មានឆ្លងក្នុងសហគមចំនួន ៣២ករណី ។ សម្តេចតេជោ បានបន្ថែមថា ការផ្ទុះនេះ ចាប់ផ្តើមពីចំនុចនៅក្លឹប N8 ដោយសារតែមានអ្នកដែលចង់ចេញទៅក្រៅប្រទេស ហើយបានស្នើសុំវិញ្ញាបនបត្រពិនិត្ររកកូវីដ ១៩។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ចាត់ទុកថា នេះជាករណីឆ្លងសហគមទ្រង់ទ្រាយធំលើកទី៣ ។ ប៉ុន្តែ ចំពោះសាលារៀនរដ្ឋ ឯកជន និងពិធីមង្គលការ មិនទាន់មានការបិទនោះទេ បើគោរពតាម SOP របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ។

ជាមួយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា មិនមានជាការលាក់បាំងទេ រឿងរ៉ាវចាប់ផ្តើមពីបងប្អូន ដែលបានទៅសុំលិខិតធ្វើតេស្តកូវីដ១៩ ដើម្បីធ្វើដំណើរចេញទៅក្រៅប្រទេស ប៉ុន្តែគាប់ជួននៅពេលនោះ ក៏បានរកឃើញមានវិជ្ជមានកូវីដ១៩។ ការចាប់ផ្តើមសង្ស័យកាលពីម្សិលមិញ ហើយយប់មិញនេះ យើងបានធ្វើតេស្តទាំងយប់ គឺមាន២៨ករណី ប៉ុន្តែអំបាញ់មិញនេះ យើងបានរកឃើញ៤ករណីផ្សេងទៀត ដូច្នេះមិនដឹងថា ការវិវត្តន៍នេះវាទៅដល់ណា? ចំណុចចាប់ផ្តើម គឺនៅក្លិប N8 ដែលនេះជាស្ថានភាពដ៏អាក្រក់សម្រាប់យើង ក្នុងពេលដែលយើងកំពុងតែធ្វើការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលនាំចូលមកពីព្រះរាជាណាចក្រថៃ និងការរីករាលដាល ពីប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាល បានប្រយុទ្ធប្រឆាំង និងទប់ស្កាត់បានយ៉ាងល្អ ពីការរីករាលដាលជំងឺកូវីដ១៩ ពីប្រទេសថៃ និងវៀតណាម ប៉ុន្តែបែរជាអកុសល ផ្ទុះករណីសហគមន៍នៅរាជធានីភ្នំពេញ នៅពេលនេះទៅវិញ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តន៍នូវវិធានការការពាកូវីដ១៩ ៣ការពារ និង៣កុំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា រហូតដល់ពេលនេះ ក្លិប N8 និងកន្លែងមួយចំនួនទៀត ត្រូវបានបិទ ដើម្បីស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ មកធ្វើតេស្តរកជំងឺកូវីដ១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្រាប់អ្នករកឃើញឆ្លងកូវីដ១៩ ថ្មីទាំង ៣២នាក់នេះ ភាគច្រើនជាជនជាតិចិន។ ត្រង់ចំណុចនេះសម្តេចអំពាវនាវ កុំឲ្យមានការរើសអើងផងដែរ ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០កុម្ភៈ នឹងត្រូវបិទបញ្ចប់នៅអំឡុងពេល១ខែ នៅពេលប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕ ដោយវណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner