លោក ចូ បៃដិន អះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO ត្រឡប់មកវិញហើយ
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រើសន្ទរកថាដំបូងរបស់លោកនៅចំពោះមុខទស្សនិកជនទូទាំងពិភពលោក នៅថ្ងៃសុក្រនេះ ដើម្បីប្រកាសថា សហរដ្ឋអាមេរិកវិលមកវិញហើយ… សម្ព័ន្ធភាពអន្តរអាត្លង់ទិច (NATO) បានត្រឡប់មកវិញហើយ បន្ទាប់ពីរយៈពេល០៤ឆ្នាំនៃរដ្ឋបាលលោក ត្រាំ ដែលបានលើកតម្កើងគោលនយោបាយការបរទេស “គិតផលប្រយោជន៍អាមេរិកមុនគេ ឬ America first” ។
នៅក្នុងសុន្ទរកថាមួយតាមប្រព័ន្ធអនឡាញ ទៅកាន់សន្និសិទសន្តិសុខប្រចាំឆ្នាំទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃសុក្រម្សិលមិញ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ថា ខ្ញុំសូមផ្ញើសារទៅកាន់ពិភពលោកថា សហរដ្ឋអាមេរិកត្រឡប់មកវិញហើយ រីឯសម្ព័ន្ធភាពអន្តរអាត្លង់ទិចក៏បានត្រឡប់មកវិញដែរ ។ សហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តចូលរួមជាមួយអឺរ៉ុប ប្រឹក្សាយោបល់ជាមួយអ្នក និងស្ដារភាពជាមេដឹកនាំគួរឱ្យទុកចិត្តរបស់យើងឡើងវិញ ។
ចិន និងរុស្ស៊ី ក៏មានឈ្មោះក្នុងសុន្ទរកថារបស់លោក បៃដិន ផងដែរ ដោយលោកនៅតែអំពាវនាវឱ្យប្រទេសនានារួមដៃគ្នាទប់ទល់ការគំរាមពីសំណាក់ប្រទេសទាំងពីរនេះ ។ លោកចោទសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា ព្យាយាមធ្វើឱ្យអឺរ៉ុប និងសម្ពន្ធយោធា NATO ទន់ខ្សោយ ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ លោក បៃដិន ទទូចឱ្យលោកខាងលិចរួមគ្នា ព្រោះរុស្ស៊ីនឹងពិបាកសម្រេចគោលដៅ ។ ចំពោះចិនវិញ លោក បៃដិន ក៏ប្រាប់ឱ្យដៃគូរបស់អាមេរិកងើបឈរប្រឆាំងសកម្មភាពសេដ្ឋកិច្ចបែបគំរាមរបស់ចិន ដែលលោកអះអាងថា ធ្វើឱ្យប៉ះពាល់ប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ ៕ ប្រភព៖ AP


