ក្រុមហ៊ុន Pfizer សន្យាបង្កើនការផលិតទ្វេដង ខណៈដែលលោក ចូ បៃដិន ជំរុញអោយប្រញាប់ចែកចាយវ៉ាក់សាំងអោយបានឆាប់រហ័ស
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រនេះ បានទទួលការប្តេជ្ញាចិត្តពីក្រុមហ៊ុន Pfizer Inc ក្នុងការបង្កើនការផលិតវ៉ាក់សាំង Covid-19 ទ្វេដង ដែលនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីបំពេញគោលដៅស្តុកទុកប្រើប្រាស់នៅរដូវក្តៅ ។
នាយកប្រតិបត្តិក្រុមហ៊ុនផលិតឱសថ Pfizer លោក Albert Bourla បានប្រើឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មកកាន់រោងចក្រផលិតឱសថដ៏ធំបំផុតនេះប្រកាសថា រូបលោករំពឹងថា នឹងអាចផលិតវ៉ាក់សាំងច្រើនជាងទ្វេដងក្នុងរង្វង់៥លានដូសក្នុងមួយសប្តាហ៍ ដើម្បីផ្តល់អោយរដ្ឋាភិបាលអាមេរិក ។ រដ្ឋបាលលោក បៃដិន បាននិងកំពុងព្យាយាមពន្លឿនយុទ្ធនាការដែលមិនធ្លាប់មានពីមុនមក ដើម្បីចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យអាមេរិកភាគច្រើន ខណៈរដ្ឋាភិបាលក្នុងតំបន់បានទាមទារអោយបង្កើនការចែកចាយវ៉ាក់សាំងជាច្រើនដូសបន្ថែមទៀត ស្របពេលវីរុសបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ។
សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រនេះបញ្ជាក់ថា រូបលោកមានទំនុកចិត្តថា លោកនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការចែកចាយវ៉ាក់សាំង Covid-19 អោយបាន១០០លានដូស អំឡុងពេលចូលកាន់តំណែងរយៈពេល១០០ថ្ងៃដំបូងរបស់លោក ៕ ប្រភព៖ Reuters


