សេតវិមានបញ្ជាក់ថា ព្យុះព្រិលបានបង្កផលប៉ះពាល់ដល់ការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់រដ្ឋចំនួន៥០នៅទូទាំងសហរដ្ឋអាមេរិក
អាមេរិក៖ ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមានសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ លោក Andy Slavitt បានថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា សហរដ្ឋអាមេរិកបានជួបឧបសគ្គក្នុងការដឹកជញ្ជូនវ៉ាក់សាំង Covid-19 ចំនួន៦លានដូស ដោយ សារតែបញ្ហាព្យុះព្រិល និងការដាច់ចរន្តអគ្គិសនី ហើយថា រដ្ឋាភិបាលសហព័ន្ធរំពឹងថា នឹងដំណើរការចែកចាយវ៉ាក់សាំងវិញនាសប្តាហ៍ក្រោយនេះ ។
បើតាម លោក Andy Slavitt រដ្ឋទាំង៥០នៅទូទាំងសហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងរងផលប៉ះពាល់ ហើយថា វ៉ាក់សាំងចំនួន៦លានដូសត្រូវពន្យាពេលការដឹកជញ្ជូនប្រហែល៣ថ្ងៃ ហើយរដ្ឋជាច្រើនអាចប្រើប្រាស់វ៉ាក់សាំងមួយចំនួនលើការពន្យាពេលនេះ ជាមួយនឹងស្តុកដែលមានស្រាប់ ។
លោក Andy Slavitt បានសង្កត់ធ្ងន់ថា នៅពេលដែលស្ថានភាពអាកាសធាតុមានភាពប្រសើរឡើង យើងនឹងធ្វើការដើម្បីលុបបំបាត់បញ្ហានេះ ។ ក្នុងចំណោមវ៉ាក់សាំង៦លានដូស ក្នុងនោះ១.៤លានដូសត្រូវបានដឹកជញ្ជូនរួចហើយ ហើយយើងរំពឹងថា រាល់វ៉ាក់សាំងដែលជាប់គាំងនឹងត្រូវបានដឹកជញ្ជូននៅសប្តាហ៍ក្រោយ ៕ ប្រភព៖ Reuters

