សហរដ្ឋអាមេរិកអំពាវនាវជាថ្មីទៀតអោយយោធាមីយ៉ាន់ម៉ាលះបង់អំណាច បន្ទាប់ពីបាតុករម្នាក់បាត់បង់ជីវិត
មីយ៉ាន់ម៉ា៖ ទីក្រុងវ៉ាស៊ីនតោនជំរុញអោយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាថ្មីបញ្ចៀសអំពើហិង្សា និងលះបង់អំណាច ក្រោយបាតុករប្រឆាំងរដ្ឋប្រហារម្នាក់បានបាត់បង់ជីវិត និងកំពុងបង្កការខឹងសម្បារកាន់តែខ្លាំងប្រឆាំងរបបយោធា ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ បានប្រាប់អ្នកសារព័ត៌មានថា យើងនៅតែអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ាបញ្ចៀសការប្រើអំពើហិង្សាប្រឆាំងក្រុមបាតុករ ដែលនាំគ្នាតវ៉ាដោយសន្តិវិធី ហើយថា យើងនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនទាំងអស់ ដើម្បីដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា រហូតដល់ពួកគេយល់ព្រមបកក្រោយវិញ ។
វេជ្ជបណ្ឌិតម្នាក់ក្នុងរដ្ឋធានីណៃពិដោ នៅថ្ងៃសុក្រម្សិលមិញ បានទទួលស្គាល់ពីការស្លាប់របស់បាតុករម្នាក់ជាលើកដំបូង ដែលត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់ឱ្យរបួសធ្ងន់ ។ យុវតីឈ្មោះ ម្យ៉ា ថ្វាតេ ខេង មានអាយុ២០ឆ្នាំបានសន្លប់បាត់ស្មារតី និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរូបនាងត្រូវបានគេបាញ់ចំក្បាល កំឡុងចូលរួមបាតុកម្មតវ៉ាក្នុងរដ្ឋធានីណៃពិដោ កាលពីសប្ដាហ៍មុន ៕ ប្រភព៖ AFP


