ក្រសួងការងារជូនដំណឹងពីការផាកពិន័យចំពោះពលករកម្ពុជាដែលគេចវេសមិនព្រមធ្វើចត្តាឡីស័កតាមក្រសួងសុខាភិបាល

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ដើម្បីទប់ស្កាត់ក៏ដូចជាបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹងមួយដោយធ្វើការ  ផាកពិន័យចំពោះបងប្អូនពលករកម្ពុជាដែលគេចមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ និងអនុក្រឹត្យលេខ១២៩អនក្រ . បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅ តាមច្រកចេញចូល ក្រសួងសូមជម្រាបជូនបងប្អូនពលករទាំងអស់មេត្តាជ្រាបថា ដើម្បីថែរក្សាសុវត្ថិភាព សុខភាពវិធានការសុខាភិបាលសាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់បងប្អូនពលករ និងក្រុមគ្រួសារផ្ទាល់ដោយកំណត់ឱ្យបងប្អូនពលករអនុវត្តដូចខាងក្រោម៖

 ១-មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាឡើយ ដែលអាចមានហានិភ័យខ្ពស់ចំពោះ អាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លង ចូលមកប្រទេសកម្ពុជា។

២-ករណ៏ត្រូវចូលមកប្រទេសកម្ពុជា ត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ដោយមិនត្រូវគេចវេះជាដាច់ខាត។ ករណីគេចវេះមិនព្រមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នឹងត្រូវទទួលរងការផាក ពិន័យចំនួន ១ ០០០ ០០០រៀល ឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិ ព្រហ្មទណ្ឌជាធរមាន។

៣-សហការផ្តល់ព័ត៌មានដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ពាក់ព័ន្ធនឹងមេខ្យល់ដែល សន្យានាំបងប្អូនពលករឆ្លងដែនចេញ-ចូលខុសច្បាប់ ប្រទេសកម្ពុជា។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម បងប្អូនពលករមេត្តារក្សាភាពនឹងនរ និងចូលរួមអនុវត្តឱ្យត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានប្រកាសថាការឆ្លងជំងឺកូវីដ១៩នៅថ្ងៃទី២០កុម្ភៈគឺជាការឆ្លងសហគមន៍ទី៣បន្ទាប់ពីការឆ្លងសហគមន៍ចំនួន៣២នាក់។ព្រឹត្តិការណ៍សហគមន៍ទី១គឺថ្ងៃ៣វិច្ឆិកាឆ្នាំ២០២០ និងទី២ថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០២០៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner