មេខ្យល់ ដែលនាំមនុស្ស៣នាក់ឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ត្រូវបានឃុំខ្លួន

ឧត្តរមានជ័យ៖ បុរសម្នាក់ ដែលពាក់ព័ន្ធនឹងករណីនាំស្ត្រី៣នាក់ លួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចំណុចក្រោយកាស៊ីណូ លឹម ហេង ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ កាលពីវេលាម៉ោង៧៖៣០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ ខណៈរូបគេនាំស្រ្តី៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។

លោក តូច សុភក្តី ព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យ បញ្ជាក់ថា បុរសជាមេខ្យល់ខាងលើមានឈ្មោះ រ៉េត ម៉េងឈូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ដែលត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន» ដែលអាចប្រឈមនឹងការដាក់ពន្ធនាគារពី៧ឆ្នាំដល់១៥ឆ្នាំ។

ជនត្រូវចោទខាងលើ បាននាំស្ត្រី៣នាក់បងប្អូន រួមមានទី១៖ ឈ្មោះ ខូយ ស៊ីវហេង ភេទស្រី អាយុ២៨ឆ្នាំ , ទី២៖ ឈ្មោះ ខូយ វិច្ឆិកា ភេទស្រី អាយុ ៣២ឆ្នាំ (ជាបងស្រីបង្កើតរបស់ឈ្មោះ ខូយ ស៊ីវហេង) និងទី៣៖ ឈ្មោះ ខូយ ស៊ីវហួន ភេទស្រី អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ប្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ ឈ្មោះ រ៉េត ម៉េងឈូ បាននាំអ្នកទាំង៣ឱ្យដេីរតាមខ្លួនចូលទៅថៃ តែចៃដន្យពេលពួកគេដើរតាមផ្លូវមុខផ្សារស្បូវ ឆ្ពោះទៅទិសខាងជើងឈាងខាងលិច កាត់តាមដុបព្រៃតូចៗ ដល់ខាងក្រោយសំណង់អគារកំពុងសាងសង់របស់ក្រុមហ៊ុន លឹម ហេង ស្រាប់តែជួបសមត្ថកិច្ចនគរបាលការពារព្រំដែន ពេលនោះ សមត្ថកិច្ចក៏បានឃាត់ពួកខ្លួន បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់តែម្តង។ នេះបើតាមរបាយការណ៍សមត្ថកិច្ច។

បុរសជាមេខ្យល់ខាងលើ ត្រូវបាន លោក ទ្រី សុភ័ត អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពី «ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន» ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការលួចឆ្លងដែន និងការមិនធ្វើចត្តាឡីស័ក ស្របពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសថៃ និងវៀតណាម។ អ្នកគេចវេសមិនធ្វេីចាត្តាឡីស័ក នឹងត្រូវផាកពិន័យ១លាន ទៅ៥លាន ចំណែកអ្នកសម្របសម្រួល ឬមេខ្យល់នឹងត្រូវផាកពិន័យពី១០លានទៅ៥០លានរៀលផងដែរ។ ចំណែកគ្រឹះស្ថានសុខាភិបាលឯកជន ដែលលាក់បាំង និងមិនបានជូនដំណឹងបន្ទាន់ពីអ្នកជំងឺដែលគេចវេសមិនធ្វើចត្តាឡីស័កនឹងពិន័យដូចមេខ្យល់ដែរ​៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner