រយៈពេលប៉ុន្មានថ្ងៃនេះ បឹងយក្សឡោម មានសភាពល្អក់ខុសធម្មតា ខណៈមន្រ្ដីជំនាញ បកស្រាយថា អាចមកពីកត្តាបាតុភូតធម្មជាតិ

អត្ថបទដោយ៖
Kien Sereyvuth

បឹងយក្សឡោម ស្ថិតនៅសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ជាតំបន់រមណីយដ្ឋាន ធម្មជាតិដ៏មានសក្តានុពលបំផុតសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្ត ។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មកផ្ទៃបឹងទាំងមូលមាន សភាពល្អក់ប្លែកពីធម្មតា ។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ ថា ភាពល្អក់របស់បឹងយក្សឡោមអាចមកពីកត្តាបាតុភូតធម្មជាតិ។ កាលពី១០ឆ្នាំមុន ពោល គឺនៅឆ្នាំ២០១១ បឹងយក្សឡោមនេះក៏មានសភាពល្អក់ដូចគ្នានេះដែរ ហើយវាបានថ្លាទៅវិញរយៈពេល ១០ទៅ ១៥ថ្ងៃ ។

ប្រធានមន្ទីរបរិស្ថានខេត្តរូបនេះ បន្តថា តាមសេចក្តីរាយការណ៍ គឺ បឹងលំកុដ បឹងយក្សអោម និងបឹងយក្ខរ៉ា ស្ថិតនៅឃុំសេដា ស្រុកលំផាត់ ក៏ចាប់ផ្តើមមានសភាពល្អក់ដែរ ។ លោក មិនទាន់ហ៊ាន វិនិច្ឆ័យតាមបែបវិទ្យាសាស្រ្តយ៉ាងណានោះទេ តែតាមការកត់សម្គាល់របស់លោក ឱ្យតែប្រទេសជិត ខាងមានព្យុះ ឬបាតុភូតធម្មជាតិអ្វីមួយកើតឡើង គឺបឹងយក្ខឡោម ក៏មានសភាពល្អកដែរ ។

លោកបញ្ជាក់ថា សភាពល្អក់របស់បឹងយក្សឡោម និងបឹងលំកុដ បឹងយក្សអោម យក្ខរ៉ា គឺមិន មានអ្វីប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរំខានដល់ការចុះមុជទឹកលេងរបស់ភ្ញៀវទេសចរ ប៉ុន្មានថ្ងៃប៉ុណ្ណោះ ។

ដោយឡែកយោងតាមមន្រ្តី នៃមន្ទីរឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត រតនគិរី ក៏បានឱ្យដឹងផងដែរថា បឹងយក្ខឡោម មានភាពល្អក់នេះមិនមែនជាលើកទី១ទេ ដែលកាលពី ប៉ុន្មានឆ្នាំមុន ក៏មានសភាពបែបនេះកើតឡើងដែរ ដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹង យក្សឡោម ក៏មានសរសៃឈាម ជាប់នឹងបន្ទុះភ្នំភ្លើងមួយទៀត នៅប្រទេសណាមួយនៅក្នុងអាស៊ី ដែលវាមានសរសៃឈាម ជាប់នឹងបឹងយក្សឡោម ដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner