ក្លឹបក្រសួងសាធារណការ ក្លឹបក្រសួងព័ត៌មាន ដណ្តើមបានមេដាយច្រើនជាងគេ ការប្រកួតហែល ទឹក យុវជន ពានព្រឹទ្ធាចារ្យ ហែម ថុនលើកទី៤
ក្លឹបកីឡាហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ឈរលេខ១ គឺដណ្តើម បានមេដាយមាស៨ ប្រាក់៧ និងសំរឹទ្ធ៤ សរុប១៩គ្រឿង, ក្លឹបហែលទឹកក្រសួងព័ត៌មាន លេខ២ដណ្តើមបានមេដាយសរុប៩គ្រឿង មាស៧ ប្រាក់១ និងសំរឹទ្ធ១ ខណៈក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៣ ឈ្នះមេដាយសរុប១៩គ្រឿង មាស៦ ប្រាក់៨ និងសំរឹទ្ធ៥គ្រឿង ។ ដោយក្លឹបទាំង៣នេះ ប្រជែងមេដាយមាសបានច្រើនជាងគេ នៅក្នុងការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជន ដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១ កាលពីចុងសប្តាហ៍ នៅអាងហែលទឹក ពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា ការប្រកួតនេះ ត្រូវបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីជាការរម្លឹកគុណូបការៈ និងស្នាដៃរបស់លោកព្រឹទ្ធាចារ្យ ហែម ថុន និងបំផុសឲ្យកីឡាករ កីឡាការិនី យុវជនខ្មែរ និងបរទេសចូលរួមក្នុងគោលបំណងពង្រឹងសមត្ថភាព គុណភាពឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត ។
គួរបញ្ជាក់ថា ការប្រកួតហែលទឹកជើងឯកយុវជន ពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១នេះ មានកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន៩៨នាក់ ក្នុងនោះមានកីឡាករ ៦៣នាក់ មកពីក្លឹបចំនួន៩ មានរយៈពេល២ថ្ងៃគឺថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២១ ៕