សហព័ន្ធកីឡាទូកក្តោងកម្ពុជា ប្តេជ្ញាបង្កើនសក្តានុពល ដើម្បីប្រជែងមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងអាណត្តិទី២

សម្រាប់អាណត្តិទី២ ឆ្នាំ២០១៩-២០២៣ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ប្តេជ្ញាបង្កើន​សក្តានុពល​​​​ ដើម្បីឈានទៅសម្រេចជោគជ័យ តាមផែនការរាជរដ្ឋាភិបាល ដណ្តើមមេដាយជូន​កម្ពុជា នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣​​​​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ នេះបើយោងតាម ការលើកឡើង​របស់​អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សុទ្ធរិទ្ធិពង្ស ក្នុងមហាសន្និបាត​បញ្ចប់អាណត្តិទី១ បន្តអាណត្តិទី២ ឆ្នាំ២០១៩-២០២៣ នៅអាគារ​​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា។

             អគ្គលេខាធិការខាងលើ អះអាងថា អាណត្តិថ្មីនេះ សហព័ន្ធដាក់ទិសដៅត្រូវបង្កើនការហ្វឹក​ហាត់ និងបណ្ដុះបណ្ដាលប្រចាំឆ្នាំ ពិសេសរកដៃគូឧបត្ថម្ភ ដើម្បីបង្កើនចំនួនការប្រកួតក្នុងស្រុក ស្វែងរកកីឡាករ​ កីឡាការិនី ដែលមានសមត្ថភាព ត្រៀមសម្រាប់ហ្វឹកហាត់ជាមួយក្រុមជម្រើស​ជាតិ​ក្នុងប្រទេស និង​បញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេសផងដេរ ។ លោក សោម សុទ្ធរិទ្ធិពង្ស បន្តថា ក្រៅ​ពី​​ផែនការខាងលើ សហព័ន្ធក៏បង្កើនឲ្យមានក្លិបសមាគមបន្ថែម តាមក្រសួង ស្ថាប័ន​ និងរាជធានី ខេត្ត ព្រម​​​​ទាំងរៀបចំវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករបន្ថែម ដើម្បីមាន​ធន​ធាន​គ្រប់គ្រាន់ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ និងដណ្តើមមេដាយជូនកម្ពុជា ។

សូមបញ្ជាក់ថា អាណត្តិទី២​​​ រយៈពេល៥ឆ្នាំ (២០១៩-២០២៣) សហព័ន្ធកីឡាទូកក្តោង​កម្ពុជា មានសមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធចំនួន០៩រូប ដែលមាន ៖ ១- ឯ ឧ ថាង ហ្គោដិន ជាប្រធាន ២-ឯ ឧ ថោង រដ្ឋសក្តិ អនុប្រធាន ៣-ឯ ឧ វ៉ាត់ ចំរើន អនុប្រធាន ៤- លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ ៥-កញ្ញា ងួន តរុណី អគ្គហេរញ្ញិក និងសមាជិកប្រតិបត្តិ៤រូបទៀត  ។

         គួររំលឹកថា ចាប់តាំងពីបង្កើតមក សហព័ន្ធបានរៀបចំការប្រកួត លើកទី១ នៅឆ្នាំ២០១៧ នា​ខេត្តកែប រៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯក​ថ្នាក់​ជាតិ ឆ្នាំ២០១៨ នៅខេត្តកោះកុង ដើម្បី​​​​​​​​​​​​ពង្រឹងលក្ខណៈ​បច្ចេក​ទេស និងផ្តោតលើការការពារថែរក្សាបរិស្ថាន នៅឆ្នាំ១០១៩ ។​ រីឯ​សកម្មភាព​​​​​​​ប្រកួត​អន្តរជាតិ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករចេញ​ទៅចូលរួម​ការប្រកួត​ជា​​​លក្ខណៈ​អន្តរជាតិ​ ជាលើដំបូង នៅឆ្នាំ២០១៧ និងក្នុងឆ្នាំ២០១៩ ចំនួន២១លើក ជាលទ្ធផលយើង​ទទួលបានមេដាយសរុប ចំនួន១១ គ្រឿង ក្នុងនោះ មេដាយមាស ០១គ្រឿង មេដាយប្រាក់ ០១គ្រឿង និងមេដាយសំរឹទ្ធិ០៩គ្រឿង ​៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner