ប្រតិបត្តិករវិស័យអចលនទ្រព្យ បង្ហាញពីទីផ្សារអចលនវត្ថុ2ប្រភេទដែលលេចធ្លោជាងគេ

មិនថានៅក្នុងឆ្នាំចាស់ ឬឆ្នាំថ្មី 2021 នេះនោះទេ សកម្មភាពនៃការអភិវឌ្ឍន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជានៅតែបន្តមាន ជាពិសេសការអភិវឌ្ឍន៍ជាលំនៅដ្ឋាន2ប្រភេទផ្សេងគ្នា ដើម្បីដាក់បញ្ចូលក្នុងទីផ្សាររួម ខណៈដែលតម្រូវការជាក់ស្ដែងនៅតែមានអត្រាខ្ពស់នៅឡើយ។

លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ប្រាប់ AMS ថា៖«នៅក្នុងឆមាសទី2ឆ្នាំនេះ វិស័យអចលនទ្រព្យ នឹងមានភាពប្រសើរឡើង វិញ។ បានន័យថា ពីមុនវាឈរនៅចំណុច100 អ៊ីចឹងវាធ្លាក់ដល់ត្រឹម20ភាគរយ (ក្នុងអំឡុងកូវីដ)ពេលវាងើបឡើងវិញដល់35ភាគរយ ឬ 50ភាគរយដែលត្រូវការចាយពេលជិត2ឆ្នាំទម្រាំមកដល់សភាពដើមរបស់វាវិញ»។

លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា

លោកប្រធានក្រុមប្រឹក្សាភិបាល បានបន្តថា តែកាលណាវាចាប់ផ្តើមល្អ មានប្រតិបត្តិការ ការសាងសង់ និងមានសកម្មភាពផ្សេងទៀត ដែលជំរុញឱ្យវិស័យសំណង់ និងងចលនទ្រព្យបានកើនខ្ពស់មុនកូវីដបញ្ចប់ នោះវិស័យដទៃទៀត ក៏កើនឡើងទៅតាមនោះដែរ។ តែក្នុង1ខែកន្លងមកនេះអ្វីដែលខ្ញុំបានសង្កតទៅលើសកម្មភាពក្នុងវិស័យអចលនទ្រព្យមាន 2ប្រភេទដែលលេចធ្លោជាងគេគឺ៖

ទី1- គឺសំណង់ផ្ទះធំៗក្នុងតំបន់ពាណិជ្ជកម្ម ៖ តាំងពីដើមមក វាតែងតែលេចធ្លោ វាជាប្រភេទអចលនទ្រព្យដែលមានប្រជាប្រិយភាព និងតម្រូវការខ្ពស់ ដែលអាចនិយាយបានថាជា«ផ្ការីកគ្រប់រដូវ»គឺមិនថាសេដ្ឋកិច្ចល្អ ឬសេដ្ឋកិច្ចមិនល្អទេ។ នោះគឺផ្ទះធំៗ លើផ្លូវធំៗ ផ្លូវជាយក្រុង ផ្លូវឯកឧត្តមជា សុផារ៉ា ផ្លូវ 271 ជាដើម ដែលគេអាចទិញមករស់នៅ និងប្រកបអាជីវកម្មបានផងដែរនោះគឺមានតម្លៃថ្លៃ។

លោក ឃាង ពុទ្ធី បានបញ្ជាក់បន្ថែមថា ៖« យើងឃើញថាផ្ទះធុននេះតម្លៃពីមុនតែត្រឹម 20- 30 ម៉ឺនដុល្លារ តែបានកើនរហូតដល់ទៅតម្លៃ 50 ម៉ឺនដុល្លារ ឱ្យតែផ្ទះនោះអាចរស់នៅ និងអាចប្រកបអាជីវកម្មជាក្រុមហ៊ុន ឬធនាគារ សុទ្ធតែបានថ្លៃទាំងអស់។ សូម្បីតែផ្ទះនៅបុរីប៉េងហួត(ផ្ទះនៅជិតផ្សារទំនើបប៉េងហួត)ក៏ឡើងថ្លៃដែរ ព្រោះមនុស្សនៅតែមានតម្រូវការ»។

ទី2-ទីផ្សារលំនៅដ្ឋានមានតម្លៃមធ្យម៖ លំនៅដ្ឋានដែលមានតម្លៃមធ្យម គឺលំនៅដ្ឋានដែលមានតម្លៃចាប់ពី 3 ម៉ឺនទៅ 69,000 ដុល្លារ ដែលមានគោលការណ៍អនុគ្រោះពន្ធពីសំណាក់រាជរដ្ឋាភិបាលបានផ្តល់ឱ្យ។
លោក ពុទ្ធីបានពន្យល់ថា «អ្នកអភិវឌ្ឍន៍ ក៏បានបង្កើតលក្ខខណ្ឌកាន់តែងាយស្រួលក្នុងការបង់ប្រាក់ដែរ ។ ឧទាហរណ៍ បើយើងទិញផ្ទះដែលត្រឹមតម្លៃ 4 ម៉ឺនដុល្លារ យើងអាចខ្ចីបាន 70 ភាគរយពីធនាគារ(ស្មើនឹង28,000$) ដែលអាចបង់បានរយៈពេល 20 ខែ ក្នុងរង្វង់ប្រមាណ 500-600 ដុល្លារក្នុង1ខែ តែប៉ុណ្ណោះ។

លោក ឃាង ពុទ្ធី បានបញ្ជាក់បន្ថែមថា ៖«មួយរយៈហ្នឹងផ្ទះសង់ក្នុងតម្លៃសមរម្យបែបនេះមានសង់ច្រើន ហើយក៏មានអ្នកជាវ និងទិញច្រើន ។ ដូច្នេះអ្នកអភិវឌ្ឍផ្ទះតម្លៃប៉ុណ្ណឹង គឺធ្វើបានជោគជ័យ។ជាក់ស្តែងលំនៅដ្ឋានប្រភេទនេះ និងវីឡាជាយក្រុងចម្ងាយ 20 គីឡូម៉ែត្រពីរាជធានី អ្នកអភិវឌ្ឍសង់លក់ក្នុងតម្លៃ5ម៉ឺន-6ម៉ឺន ដុល្លារ ក៏នៅតែអាចលក់បានទទួលជោគជ័យដែរ»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner