លោកជំទាវ ឱ វណ្ណឌីន អះអាងថា ការរកឃើញមេរោគក្នុងសត្វប្រជៀវ មិនមែនជាមេរោគកូវីដ១៩ទេ ខណៈប្រធាន វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា មេរោគក្នុងសត្វប្រជៀវ មិនមានលទ្ធភាពចម្លងចូលទៅមនុស្សបានទេ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងបញ្ជាក់ជាថ្មីថា ការរកឃើញមេរោគក្នុងសត្វប្រជៀវ មិនមែនជាមេរោគកូវីដ១៩ទេ តែជាបងប្អូនជីដូនមួយនឹងមេរោគកូវីដ១៩ បំប្លែងថ្មី។ បន្ថែមលើការពន្យល់បកស្រាយរបស់ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា អ្វីដែលគេសរសេរក្នុងអត្ថបទសិក្សារបស់គេនេះ បានបញ្ជាក់ថា វីរុស ដែលមាននៅក្នុងសត្វប្រជៀវនេះ វាមិនមែនជាវីរុសកូវីដ១៩ទេ។

វាជាបងប្អូនជីដូនមួយ និយាយឲ្យស្រួលយល់! វាជាបងប្អូនជីដូនមួយជាមួយនឹងវីរុស SAR Covi-2 តែវាមិនមែនជាវីរុសកូវីដ១៩ ទេ។ ទី២-អ្វីដែលគេរកឃើញ វាមានភាពខុសគ្នាស្រលះតែម្តង ត្រង់ស្បែកប្រូតេអ៊ីនរបស់វា ដែលវាមិនមានលទ្ធភាពក្នុងការចម្លងទៅមនុស្សនោះទេ។ មានន័យថា វាមានតែនៅក្នុងសត្វប្រជៀវនោះទេ ដែលវាក៏មិនមានលទ្ធភាពចម្លងមកមនុស្សដែរ ដោយសារតែអាស្បែកប្រូតេអ៊ីនរបស់វានោះឯង។ ទី៣-វីរុស ដែលគេរកឃើញក្នុងប្រជៀវនេះ ក៏មិនមែនជាវីរុសកូវីដ១៩ ដែលបំប្លែងថ្មីដែរ។ វាជាបងប្អូនជីដូនមួយរបស់ SAR Covid-2 តែវាមិនមែនជា SAR Covid-2 ទេ។

នៅក្នុងសន្និសីទសារព័ត៌មាននេះ ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល បានលើកឡើងថា ការស្រាវជ្រាវមេរោគលើសត្វប្រជៀវកាលពី១០ឆ្នាំមុន ដោយក្រុមវេជ្ជបណ្ឌិតបារាំង មួយក្រុមនោះ មិនមែនធ្វើតែនៅកម្ពុជាទេ តែប្រទេសជាច្រើននៅអាស៊ី ក៏មានធ្វើដូចគ្នា ដូចជានៅថៃ ជាដើម គឺរកឃើញមេរោគសាកូវី នៅក្នុងសត្វ ប្រជៀវដូចគ្នា។ លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល បានបញ្ជាក់ថា មេរោគក្នុងសត្វប្រជៀវ និងមេរោគកូវីដ១៩ គឺ ស្រដៀងគ្នា តែខុសគ្នា ដោយមេរោគក្នុងសត្វប្រជៀវ មិនមានលទ្ធភាពចម្លងចូលទៅមនុស្សបានទេ ។

ជាមួយគ្នានេះដែរ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា មេរោគកូវីដ១៩ ដែលចម្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កន្លងទៅនេះ គឺជាមេរោគកូវីដ១៩ បំប្លែងខ្លួន ដែលជាមេរោគកាចសាហាវ និងចម្លងឆាប់រហ័សជាងធម្មតា ដែលកន្លងមកដឹងថាមានប្រភពពីប្រទេសអង់គ្លេស។ លោកជំទាវ បន្តថា អ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៥នាក់ នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនោះមាន២៣នាក់ ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ក្នុងនោះ រកឃើញវីរុសបម្លែងថ្មី ៣ករណី ។

ការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួន ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ត្រូវបានពិនិត្យ និងពិសោធន៍ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ជាមួយនឹងការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីក្នុងសហគមន៍កម្ពុជានេះ លោកជំទាវអ្នកនាំពាក្រក្រសួងសុខាភិបាល បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩។

ដោយឡែកទាក់ទងទៅនឹងវ៉ាក់សាំងការពារកូវីដ១៩ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា WHO លោកស្រី Li Ailan បានមានប្រសាសន៍ថា កម្មវិធីកូវ៉ាក់ (COVAX) របស់ WHO នឹងបញ្ជូនវ៉ាក់សាំងបង្ការកូវីដ១៩ Astra Zeneca មកកាន់ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ។

លោកស្រី បានបញ្ជាក់ថា បច្ចុប្បន្ន វ៉ាក់សាំងចំនួន២ ត្រូវបាន WHO អនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ រួមមាន Pfizer និង AstraZeneca ។ សម្រាប់វ៉ាក់សាំង AstraZeneca ដែល WHO អនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នោះ ផលិតឡើងនៅ ប្រទេសឥណ្ឌា និងសាធារណរដ្ឋកូរ៉េ តែប៉ុណ្ណោះ។ លោកស្រីបន្តថា វ៉ាក់សាំង របស់ប្រទេសចិន Sinopharm ក៏បាន ស្ថិតក្នុងដំណាក់កាលវាយតម្លៃចុងក្រោយរបស់ WHO ផងដែរ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner