ក្រសួងអប់រំតម្រូវឱ្យគ្រឹះស្ថានសិក្សានៅតាមបណ្តាខេត្តទាំងអស់ បន្តអនុវត្តវិធានសុវត្ថិភាពសិក្សាឱ្យបានខ្ជាប់ខ្ជួន

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ ខណៈក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញ និង​ខេត្ត​កណ្តា​ល រយៈពេលពីរសប្តាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីល្ងាចថ្ងៃទី ២២ ខែកុម្ភៈម្សិលមិញ នៅថ្ងៃនេះ​តាមរយៈមន្ត្រីនាំពាក្យក្រ​សួ​ង​អប់​រំ​ក្រើ​ន​រំលឹក​បន្ត​ទៀ​ត​ដ​ល់​គ្រឹះស្ថានសិក្សានៅតាមបណ្តាខេត្តទាំងអស់ ត្រូវបន្តអនុវត្តវិធានសុវត្ថិភាពសិក្សាឱ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់នៅតាមបណ្តា​ខេត្ត​ទាំង ​២៣ កំពុង​ដំណើ​រការសិក្សាធម្មតា ទោះបីក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថាននៅរាជធានីភ្នំពេញ និង​ខេត្ត​កណ្តា​ល។ ទន្ទឹមគ្នានេះ ឯក​ឧត្តម​បា​ន​បញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងនោះ ត្រូវអនុវត្តវិធានការសុវត្ថិភាពសុខភាព ឬគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP)សម្រាប់ដំណើរការសាលារៀនឡើងវិញ​ឱ្យ​មានប្រសិទ្ធិភាពបំផុត។

ដើម្បីបញ្ជៀសពីការប្រឈមឆ្លងរីករាលដាល់កូវីដ-១៩ ក្រសួងអប់រំតម្រូវឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវអនុវត្តវិធានសុវត្ថិភាពសំខាន់ៗ ប្រាំមួយចំណុច ទី១. សា​លារៀនទាំងអស់ត្រូវអនុវត្តវិធានសុវត្ថិភាពក្នុងគោលការណ៍ប្រតិបត្តិស្តង់ដារឱ្យបានត្រឹមត្រូវ ទី២. បុគ្គលិកអប់រំនិងសិស្សទាំងអស់ត្រូវចៀសវាងកន្លែងដែលមា​ន​ហានិភ័យឆ្លងជំងឺកូវីដ-១៩ ខ្ពស់ ទី៣. ផ្អាកការជួបជុំលើសពី ២០នាក់ ទី៤ ត្រូវរាយការណ៍ជាបន្ទាន់ប្រសិនមានអ្នកណាម្នាក់ មានជាប់ពាក់ព័ន្ធនិងព្រឹត្តិ​កា​រ​ណ៍ ២០ កុម្ភៈ ទី៥. អ្នក​គ្រប់​គ្រង​គ្រឹះស្ថានសិក្សាត្រូវធ្វើរបាយការណ៍ពីចំនួនបុគ្គលិក ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ និងទី៦. ប្រសិនបុគ្គ​លិក​អប់រំណាដែលបានប៉ះពាល់មនុស្សក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់ ធ្វើតេស្ត និងអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេលពីរសប្តាហ៍ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ តាមរយៈព្រឹត្តិការណ៍នេះ រាជរដ្ឋាភិបាលប្រកាសជាបន្ទាន់បិទទីតាំងមួយចំនួនដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការចម្លងកូវីដ-១៩ បន្ថែមនៅក្នុ​ងសហគមន៍៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner