អង្គការភ្លែនអន្តរជាតិកម្ពុជា ទទួលបានមេដាយស្ថាបនាជាតិចូលរួមលើកកម្ពស់ការអប់រំ

អត្ថបទដោយ៖
AMS

រតនគីរី៖ អង្គការភ្លែនអន្តរជាតិកម្ពុជា ត្រូវបានបំពាក់គ្រឿងឥស្សរិយយសមេដាយស្ថាបនាជាតិ និងទទួលបានលិខិតថ្លែងអំណរគុណពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ នៅខេត្តរតនគិរី ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។

គ្រឿងឥស្សរិយយសដែលទទួលបាន រួមមាន មេដាយស្ថាបនាជាតិមាស ២គ្រឿង មេដាយស្ថាបនាជាតិប្រាក់ ២គ្រឿង និងលិខិតថ្លែងអំណរគុណ បានប្រគល់ជូនលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រុមការងារនៃអង្គការភ្លែន។

ការប្រគល់ជូនគ្រឿងឥស្សរិយយសនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីក្នុងពិធីសម្ពោធរួមគ្នានៃអគារអនុវិទ្យាល័យ និងបឋមសិក្សាថ្មី និងអន្តេវាសិកដ្ឋានរបស់គ្រូកាលពីថ្ងៃទី 22 ខែកុម្ភះ ឆ្នាំ 2021 នៅស្រុកអូរជុំ ខេត្តរតនគិរី។

អង្គការភ្លែនអន្តរជាតិកម្ពុជាកំពុងធ្វើការជាដៃគូជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអង្គការក្នុងស្រុកដើម្បីគាំទ្រដល់ថ្នាក់សិក្សាពន្លឿន សម្រាប់កូនសិស្សដែលលើសអាយុ គាំទ្រថ្នាក់ចូលរៀនសារឡើងវិញសម្រាប់កុមារដែលបោះបង់ការសិក្សា ពង្រឹងសមត្ថភាពដល់គ្រូទាក់ទងនឹងវិធីសាស្រ្តបង្រៀនបែបបរិយាបន្ន និងយេនឌ័រ បង្កើតសាលារៀនបណ្តុះអាសន្នសហគមន៍។

លើសពីនេះទៀត អង្គការភ្លែនបានជួយសាងសង់អគារសិក្សាស្តង់ដារថ្មី រួមមាន បណ្ណាល័យ គាំទ្រយុទ្ធនាការចុះឈ្មោះចូលរៀនប្រចាំឆ្នាំ និងយុទ្ធនាការតោះចូលរៀនវិញបន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល គាំទ្រមធ្យោបាយធ្វើដំណើរសម្រាប់កុមារដែលរស់នៅឆ្ងាយពីសាលារៀន ផ្តល់អាហារូបករណ៍ជាសាច់ប្រាក់ដល់កុមារដែលទីទាល់ក្រនិងងាយរងគ្រោះ និងផ្គត់ផ្គង់សម្ភារៈសិក្សានៅសាលារៀនផងដែរ។

លោកស្រី គ្វីននេត នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា ៖ “យើងពិតជាមានមោទនភាពដែលជាផ្នែកមួយនៃការចូលរួមចំណែកនេះ។ ប៉ុន្តែដើម្បីនិរន្តរភាព ពួកយើងសូមសំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡា សូមបែងចែកគ្រូបន្ថែមដល់សហគមន៍ក្រីក្រ និងសហគមន៍ដាច់ស្រយាលដែលសិស្សភាគច្រើនមិនអាចចូលរៀន ពង្រឹងការអនុវត្តក្រមសីលធម៌របស់គ្រូ ពង្រឹងមុខងារនៃគណៈកម្មាធិការគ្រប់គ្រងសាលារៀន និងការគ្រប់គ្រងសាលារៀន”។

លោកស្រីបានបន្ថែមថា អង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ធានាដល់កុមារ ជាពិសេសក្មេងស្រី នៅតំបន់ដាច់ស្រយាលឱ្យទទួលបានឱកាសស្មើគ្នាក្នុងការអប់រំប្រកបដោយគុណភាព និងកសាងអនាគតភ្លឺស្វាងរបស់ពួកគេ”។

អង្គការភ្លែនអន្តរជាតិកម្ពុជា ជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរ។

ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសឱ្យទទួលបានការរៀនសិក្សា ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍន៍ បានចាប់ផ្តើមបេសកកម្មនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner