រដ្ឋបាលខេត្តបាត់ដំបង ផ្តល់ផ្លូវកៅស៊ូDBST មួយខ្សែប្រវែងជិត ១២គម ដល់ប្រជាពលរដ្ឋ រស់នៅប៉ែកខាងកើតស្ទឹងសង្កែ ក្នុងឃុំព្រែកហ្លួង នៃស្រុកឯកភ្នំ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលនូវការដ្ឋានសាងសង់ផ្លូវកៅស៊ូ មួយខ្សែស្ថិតនៅក្នុងភូមិសាស្ត្រឃុំព្រែកហ្លួង របស់ស្រុកឯកភ្នំ ដែលកំពុងតែស្ថាបនាធ្វើការកែលម្អ ពីផ្លូវលំដីក្រួសក្រហមតាមបណ្តោយមាត់ស្ទឹងសង្កែ ត្រើយខាងកើត ដែលទទួលរងការខូចខាតដោយសារតែទឹកជំនន់ និងការបាត់ច្រាំង ជាបន្តបន្ទាប់ប៉ុន្មានឆ្នាំមកនេះ។ ត្រូវបានរដ្ឋបាលខេត្តផ្តល់នូវផ្លូវកៅស៊ូDBST.មួយខ្សែប្រវែងជិត១២គម.ស្ថិតក្នុងភូមិសាស្ត្រខាងលើ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១នេះ និងអមដំណើររួមមានលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងថ្នាក់ដឹកនាំ មន្ទីរជំនាញសំខាន់មួយចំនួន ក្នុងនោះដូចជា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត,មន្ទីរធនធានទឹកខេត្ត រួមនិង លោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការវិនិយោគសាលាខេត្តបាត់ដំបង ព្រមទាំងមន្ត្រីក្នុងមូលដ្ឋានទីនោះជាច្រើនទៀត។

ក្នុងឱកាសចុះទៅពិនិត្យមើលពីដំណើរវឌ្ឍនភាព នៃគម្រោងកែលម្អផ្លូវជនបទមួយខ្សែនេះ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិមួយចំនួន ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ដែលនិងទទួលបានផលប្រយោជន៍ពីគម្រោងផ្លូវកៅស៊ូនៅទីនោះ ក្នុងនោះឯកឧត្តមអភិបាលខេត្តបាត់ដំបងបានចាត់ទុកផ្លូវមួយខ្សែនេះគឺជាផ្លូវសេដ្ឋកិច្ច និងមានសារៈសំខាន់ក្មុងការជួយសម្រួលដល់ការដឹកជញ្ជូននូវកសិផល របស់បងប្អូនប្រជាកសិករនៅទីនេះឆ្ពោះទៅកាន់ទីផ្សារ។ ហើយនៅពេលដែលផ្លូវនេះរួចរាល់ជាស្ថាពរ វានិងជួយកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងតម្លៃសេវាដឹកជញ្ជូនក៏ធូរថ្លៃ និងថោកជាងមុនផងដែរ។

ឯកឧត្តម ងួន រតនៈ ក៏បានគូសបញ្ជាក់ផងដែរថា៖ នៅពេលដែលយើងមានផ្លូវ មានទឹក មានភ្លើង គឺ៖យើងមានសង្ឃឹម និងមានការអភិវឌ្ឍន៍។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា៖នៅទីនេះយើងមានប្រភពទឹកស្ទឹងសង្កែ ដលម្បីការស្រោចស្រពការដាំដុះដំណាំចម្ការផ្សេងៗ និងមានភ្លើងអគ្គីសនី តែអ្វីដែលបងប្អូនត្រូវការនិងជាតម្រូវការចាំបាច់ គឺចង់បានផ្លូវល្អដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។និងដោយមើលឃើញពីតម្រូវការចាំបាច់ និងសំណូមពរដ៏ទទូចរបស់អាជ្ញាធរស្រុកឯកភ្នំទើបរដ្ឋបាលខេត្តបាត់ដំបងពិនិត្យលទ្ធភាពក្នុងការផ្តល់នូវផ្លូវកៅស៊ូDBST.មួយខ្សែនៅទីនេះ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បានកោតសរសើរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាប់ និងគម្រោងកែលម្អផ្លូវ ដែលបានស្រុះស្រួលចូលរួមជាមួយនិងអាជ្ញាធរខេត្ត និងអាជ្ញាធរនៅក្នុងមូលដ្ឋានផ្ទាល់គ្រប់លំដាប់ថ្នាក់របស់ខ្លួន ដោយមិនទាមទារពីសំណងដែលរងផលប៉ះពាល់ពីគំរោងសាងសង់ផ្លូវនៅទីនេះ។ឯកឧត្តម ងួន រតនៈ បានចាត់ទុកផ្លូវមួយខ្សែនេះ គឺជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនេះកន្លងមក។ ហើយផ្លូវមួយខ្សែនេះ វាក៏ផ្តល់នូវសារៈប្រយោជន៍សំខាន់ផងដែរ ក្នុងការជួយបញ្ចៀសពីទឹកជំនន់ស្ទឹងសង្កែក្នុងរដូវវស្សាផងដែរ ដែលតែងតែធ្វើឲ្យលិចលង់បំផ្លាញដល់ដំណាំស្រូវ និង ចម្ការនៅទីនេះ ប្រមាណជា ២.០០០ហិកតា ផងដែរ។

តាមការគូសបញ្ជាក់ ពិលោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តបាត់ដំបង បានឲ្យដឹងថា៖ផ្លូវកៅស៊ូDBSTមួយខ្សែប្រវែងជាង១១គមនិងទទឹងផ្លួវ០៦ម៉ែត្រ ក្នុងនោះប្រអប់លូ ០២កន្លែង រួមនិងស្ពានថ្ម១កន្លែង ដែលភ្ជាប់និងទ្វារទឹកសម្រាប់ស្ទាក់ទប់ទឹកជំនន់ ជាមួយនិងស្ពានគឺជាគម្រោងថវិកាអភិវឌ្ឍ របស់រដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា៖ផ្លូវមួយខ្សែនេះមិនត្រឹមតែបានផ្លូវនោះទេ?គឺថែមទាំងបានស្ពានថ្មថ្មី ដែលភ្ជាប់ជាមួយទ្វារទឹក ដើម្បីស្ទាក់និងទប់ទឹកជំនន់ ជន់លិចពីទឹកស្ទឹងសង្កែ នៅក្នុងរដូវវស្សាផងដែរ។ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ក្នុងការអនុវត្តនូវ វិធានសុវត្ថិភាពសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងនិងការចម្លងមេរោគកូវីដ-19 របស់ ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ខ្ជាប់ខ្ជួន ដូចជាការពាក់ម៉ាស់ ការលាងសម្អាតដៃនិងសាប៊ូ ឲ្យបានញឹកញាប់ បាញ់អាល់កុល ឬ ជែល និង រក្សាគម្លាតសង្គមជាដើម យ៉ាងហោចណាស់ពី១ម៉ែត្រកន្លះទៅ២ម៉ែត្រ និង ប្រសាសន៍ណែនាំ របស់ សម្តេចតេជា ហ៊ុនសែន នូវវិធានការទប់ស្កាត់ការឆ្លង និងការចម្លងមេរោគកូវីដ-19ដែលក្នុងនោះ រួមមាន៖ “៣ការពារនិង៣កុំ” ឲ្យបានជាប់ជាប្រចាំ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner