ការនាំចេញរបស់ថៃកើនឡើងតិចជាងការរំពឹងទុកសម្រាប់ខែមករាកន្លងទៅនេះ
បរទេស៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃនោថ្ងៃអង្គារម្សិលមិញនេះបានធ្វើការបង្ហាញថាទំហំនៃការនាំចេញរបស់ខ្លួនសម្រាប់ខែមករាកន្លងទៅនេះមានអត្រាកើនឡើងត្រឹមតែ 0.35 ភាគរយប៉ុណ្ណោះធៀបទៅនឹងតួលេខកាលពីឆ្នាំ2020 ប៉ុន្តែនឹងអាចបន្តកើនឡើងខ្លាំងជាងនេះនៅខែបន្ទាប់ខណៈដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញ។
ការនាំចេញដែលត្រូវបានគេដឹងថាគឺជាកូនសោរដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងដល់ទៅ 4 ភាគរយសម្រាប់ឆ្នាំនេះនៅក្រោយពេលដែលវាបានធ្លាក់ចុះប្រមាណជា 6.01 ភាគរយរួចទៅហើយកាលពីឆ្នាំ 2020។
យោងតាមមន្ត្រីជំនាញម្នាក់របស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កត្តាគាំទ្រមួយចំនួនដូចជាការបន្តធ្វើការវាស់វែងទៅលើតំបន់មួយចំនួនព្រមទាំងការចែកចាយវ៉ាក់សាំងផង ជាពិសេសការដឹកជញ្ជូនតាមនាវានឹងអាចជួយឲ្យទំហំនាំចេញរបស់ថៃកើនឡើងវិញនៅក្នុងខែមិថុនាខាងមុខ។
មន្ត្រីរូបនេះបានបញ្ជាក់ទៀតថាការនាំចេញរបស់ថៃនឹងអាចកើនឡើងចន្លោះពី 3 ទៅ 5 ភាគរយនៅក្នុងពាក់កណ្តាលឆមាសទីដំបូងឆ្នាំនេះនិងបន្តពី 3 ទៅ 4ភាគរយសម្រាប់ឆមាសបន្ទាប់។កំណើននៃការនាំចេញនេះផងដែរក៏ត្រូវបានគេមើលឃើញថាមានចំនួនតិចជាងការព្យាករណ៍របស់រ៉យទ័រប្រមាណជា 1.85 ភាគរយ និងយឺតជាងកំណើនកាលពីខែធ្នូដល់ទៅ 4.71 ភាគរយផងដែរ។
កាលពីខែមករានោះផងដែរការនាំចេញរថយន្ត និងគ្រឿងបន្លាស់រថយន្តព្រមទាំងកំព្យូទ័រ និងផលិតផលកៅស៊ូផងគឺសុទ្ធតែមានការកើនឡើងបានបន្តិចដូចគ្នា ប៉ុន្តែសម្រាប់មាសវិញគឺបានធ្លាក់ចុះរហូតទៅដល់ 90.3 ភាគរយដោយសារតែតម្លៃរបស់វា ហើយបើដកផលិតផលមាសចេញការនាំចេញទាំងអស់នឹងគួរតែអាចមានកំណើនសរុបប្រមាណជា 6.27 ភាគរយ។
ក្នុងនោះគេសង្កេតឃើញដែរថា ទីផ្សារនាំចេញសំខាន់របស់ថៃដែលបានកើនឡើងនៅក្នុងខែមករានេះមានដូចជាទៅកាន់អាមេរិកកើនឡើង 12.4 ភាគរយធៀបទៅនឹងឆ្នាំមុនទៅកាន់ទីផ្សារចិនកើនឡើង 9.9 ភាគរយនិងទៅកាន់ទីផ្សារប្រទេសជប៉ុន 7.4 ភាគរយ។
សម្រាប់ការនាំចូលវិញនៅក្នុងខែមករានេះគេក៏បានដឹងដែរថាមានអត្រាធ្លាក់ចុះ 5.24 ភាគរយតិចជាងការរំពឹងទុកថានឹងធ្លាក់ចុះរហូតទៅដល់ 8.3 ភាគរយហើយជាលទ្ធផលវាមានចំនូនខុសគ្នាពីការនាំចូលប្រមាណជា 202 លានដុល្លារកាលពីក្នុងខែមករានេះ៕