ទំហំពាណិជ្ជកម្មរវាងឥណ្ឌា និងចិននៅតែខ្លាំងទោះបីជាស្ថានភាពទំនាក់ទំនងនៅតែបន្តភាពតានតឹង
បរទេស៖ ទោះបីជាជម្លោះព្រំដែនរវាងប្រទេសចិន និងឥណ្ឌាត្រូវបានគេមើលឃើញថា បាន និងបន្តកើនឡើងកំដៅខ្លាំងយ៉ាងណាក្ដី ប៉ុន្តែបើក្រឡេកទៅមើលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំកន្លងទៅវិញគឺនៅតែមានចំនួនច្រើនដដែល។
ប្រទេសចិននៅតែជាប់ឈ្មោះជាប្រទេសដៃគូពាណិជ្ជកម្មដែលឈរនៅលំដាប់ទី1សម្រាប់ឥណ្ឌាដដែលទោះបីជាការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីឆ្នាំកន្លងទៅ រហូតមានទាំងស្លាប់ និងរបួស ហើយក្រុមហ៊ុនបច្ចេកវិទ្យាចិនជាង 200 ត្រូវបានរងបំរាមនៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌាចាប់តាំងតែពីពេលនោះមក។
ជាមួយគ្នានេះគេបានមើលឃើញថាវាមិនអាចបញ្ចប់ទៅនៃប្រតិបត្តិការអាជីវកម្មរបស់ចិនបាននោះទេបើប្រៀបធៀបទៅនឹងដៃគូពាណិជ្ជកម្មដទៃទៀត សូម្បីតែអាមេរិកក៏ដោយ។ ពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមកនៃប្រទេសសេដ្ឋកិច្ចយក្សទាំងពីរកាលពីឆ្នាំកន្លងទៅមានទំហំរហូតទៅដល់77.7ពាន់លានដុល្លារ។
តួលេខទំហំពាណិជ្ជកម្មក្នុងឆ្នាំ2020មានកម្រិតទាបជាងតួលេខកាលពីឆ្នាំ2019បន្តិច ពោលគឺមានទៅដល់85.5ពាន់លានដុល្លារ ប៉ុន្តែគេអាចមើលឃើញថាចិននៅតែជាប់ឈ្មោះជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា ដោយការនាំចូលសរុបពីប្រទេសចិនមានទំហំរហូតទៅដល់58.7ពាន់លានដុល្លារដែលមានទំហំច្រើនជាងគេការនាំចូលពីអាមេរិក និងសហភាពអ៊ឺរ៉ាប់រួមបញ្ចូលគ្នាផង។
រំលឹកដែរថាកាលពីខែមិថុនាឆ្នាំកន្លងទៅជម្លោះនៃប្រទេសទាំងពីរបានឈានទៅដល់ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាតាមបណ្តោយព្រំដែននៃជួរភ្នំហិមាល័យដែលជាលទ្ធផលគេបានដឹងថាទាហានរបស់ឥណ្ឌាយ៉ាងហោចណាស់20នាក់បានបាត់បង់ជីវិតខណៈដែលយោធាចិនបាត់បង់ជីវិតចំនួន 4 នាក់ផងដែរ។
ជាការឆ្លើយតប ក្រោយការប៉ះទង្គិចគ្នាមួយប្រាវ រដ្ឋាភិបាលឥណ្ឌាបានឈានទៅដល់ការបញ្ចប់ទាំងស្រុងនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនជាង 200ក្រុមហ៊ុន ដែលរួមមានទាំង TikTok និង WeChat ជាដើមផងដែរ៕