ក្រុមហ៊ុនប្រេងឥន្ធនៈជាតិថៃ PTT វិនិយោគប្រាក់ជាង 50 ពាន់លានដុល្លារទោះបីខាតបង់កាលពីឆ្នាំទៅក្តី

បរទេស ៖យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនប្រេង និងហ្គាសដ៏ធំបំផុតរបស់ប្រទេសថៃ PTT បានប្រកាសក្នុងការបញ្ចេញប្រាក់ចំណាយដើមទុនរហូតទៅដល់ 27 ពាន់លានដុល្លារទៅដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនសម្រាប់កិច្ចការងារអភិវឌ្ឍអាជីវកម្មស្រាប់ និងថ្មីក្នុងរយៈពេល 5 ឆ្នាំខាងមុខទៀត។

ការបញ្ចេញប្រាក់វិនិយោគថ្មីក្នុងទំហំដ៏ច្រើនបែបនេះត្រូវបានគេមើលឃើញដែរថាបានធ្វើឡើងនៅក្រោយពេលដែល PTT ទើបតែបានប្រកាសថាក្រុមហ៊ុនបានខាតបង់ប្រាក់ចំណូល និងប្រាក់ចំណេញយ៉ាងច្រើនកាលពីឆ្នាំទៅ។

លើសពីនេះ PTT ក៏បានប្រកាសដែរថាគឺបានត្រៀមកញ្ចប់ប្រាក់វិនិយោគបន្ថែមប្រមាណជា 26.8ពាន់លានដុល្លារផងដែរទៅលើគម្រោង និងផែនការផ្សេងទៀតដែលនឹងមិនបានធ្វើទុកជាមុនដើម្បីអាចបង្កើតឱកាសក្នុងការបង្កើនកម្រិតអាជីវកម្មរបស់ខ្លួនពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យានេះបើយោងតាមការបញ្ជាក់របស់ប្រធានប្រតិបត្តិនិងគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនគឺលោក Auttapol Rekpiboon។

លោកបន្តថាការចំណាយដើមទុនថ្មីនេះត្រូវបានធ្វើឡើងក៏អាស្រ័យផងដែរទៅលើតម្លៃប្រេងសាំងនៅក្នុងឆ្នាំនេះ។ប្រេងរបស់ឌុបៃនឹងរំពឹងទុកថានឹងអាចមានតម្លៃចន្លោះពី 55 ទៅ 60 ដុល្លារក្នុងមួយបារ៉ែលខណៈដែលហ្គាសនិងប្រេងម៉ាស៊ូតអាចនឹងមានតម្លៃពី 62 ទៅ 67 ដុល្លារក្នុងមួយបារ៉ែល។

PTT មានផែនការក្នុងការចំណាយលុយផ្នែកខាងលើនេះទៅលើកិច្ចការងារអភិវឌ្ឍនិងកសាងរោងចក្រចម្រាញ់ហ្គាស និងរោងចក្រទី2របស់ខ្លួនដែលប្រើប្រាស់សម្រាប់ទទួល និងស្តុកហ្គាសផង និងក៏ដូចជាគាំទ្រទៅដល់សកម្មភាព និងផែនការមួយចំនួនដែលអាចជួយសម្រួលដល់កិច្ចការងារធ្វើពាណិជ្ជកម្មផលិតផលហ្គាសរបស់ខ្លួនផង។

សម្រាប់ការងារផ្នែកស្រាវជ្រាវ និងជីកយករ៉ែហ្គាស់វិញ PTT ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធ PTT Exploration and Production នឹងទទួលខុសត្រូវក្នុងការស្រាវជ្រាវរកទីតាំង និងធនធានហ្គាសថ្មីៗប៉ុន្តែក៏ត្រូវចាំបាច់កាត់បន្ថយអាជីវកម្មដោយផ្អែកទៅលើប្រេងឆៅទាំងស្រុងផងដែរ ពីព្រោះថានិន្នាការបស់ពិភពលោកបច្ចុប្បន្ននឹងមានការប្រែប្រួល ជាពិសេសទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុនោះ។

គួរឲ្យដឹងដែរថាតួលេខលក់ប្រេងឆៅរបស់ PTT នឹងត្រូវរំពឹងទុកថាមានការធ្លាក់ចុះពីចន្លោះ 20 ទៅ 37 ភាគរយនៃចំនួនលក់សរុប ប៉ុន្តែការលក់ហ្គាសនឹងមានការកើនឡើងពី 80ភាគរយវិញធៀបទៅនឹងតួលេខកើនឡើងកាលពីឆ្នាំទៅប្រមានជា 67 ភាគរយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner