ទារកមានទម្ងន់ធម្មតាចាប់ពី 2,5 គីឡូឡើងទៅ បើទាបជាងនេះនឹងមានបញ្ហាកើតមកមិនគ្រប់គីឡូ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ តាមព័ត៌មានផ្សាយដោយមន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា ជាទូទៅទារកមានទម្ងន់ធម្មតាចាប់ពី 2,5 គីឡូឡើងទៅ។ ប្រសិនបើទារកកើតមកមានទម្ងន់តិចជាង 2,5 គីឡូ មានន័យថា ទារកកើតមកមិនគ្រប់គីឡូ ហើយបើទម្ងន់តិចជាង 1,5 គីឡូស្ថិតនៅក្នុងកម្រិតគីឡូមិនគ្រប់ធ្ងន់ធ្ងរ ហើយរឹតតែធ្ងន់ធ្ងរខ្លាំងបំផុតបើទារកកើតមកទម្ងន់តិចជាងមួយគីឡូ។

មន្ទីរពេទ្យបានបញ្ជាក់ថា មូលហេតុដែលទារកកើតមិនគ្រប់គីឡូដោយសារកត្តាសំខាន់ៗបី រួមមានកត្តាម្តាយ កត្តាទារក និងកត្តាគភ៌។ កត្តាម្តាយ បណ្តាលមកពីម្តាយមានជំងឺក្រឡាភ្លើង ឡើងសំពាធឈាមរ៉ាំរ៉ៃ។ ចំណែកកត្តាទារក បណ្តាលមកពីទារកមានរោគតាំងពីក្នុងពោះម្តាយ (toxoplasmose, ម្តាយកើតស្អូចពេលពពោះ)។ ទន្ទឹមគ្នានេះ កត្តាគភ៌ បណ្តាលមកពីការពពោះកូនភ្លោះពីរឬច្រើន។

ទោះបីទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី ប្រសិនបើមានទំងន់មិនគ្រប់ ទារកអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើនមុនពេលសម្រាល និងក្រោយសម្រាល។ មុនពេលសម្រាល ទារកមានស្ថានភាពកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះម្តាយ ដោយសារកង្វះអាហាររូបត្ថម្ភ ឬការបង្ករោគ។ ក្នុងស្ថានភាពនេះទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ ឬអាចឈានដល់ស្លាប់ក្នុងពោះក្នុងករណីធ្ងន់ធ្ងរ។

ចំណែកគ្រោះថ្នាក់ក្រោយពេលសម្រាល ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើន រួមមាន វិបត្តិនៃការរំលាយអាហារ ដែលជាហេតុធ្វើឱ្យទារកកាន់តែខ្សោយ និងមិនងាយឡើងទម្ងន់​។ ទារកចុះកម្តៅក្នុងខ្លួនខ្លាំង (hypothermia) ទារកចុះជាតិស្ករ (hypoglycemia) ទារកចុះជាតិកាល់ស្យូម (hypocalcemia) ព្រមទាំងងាយឡើងលឿង (jaundice)។

ដើម្បីដោះស្រាយបញ្ហានេះ សុខាភិបាលបានណែនាំថា ម្តាយគ្រប់រូបគួរទទួលទានអាហារបំប៉នឱ្យបានគ្រប់គ្រាន់ តាមដានសុខភាពផ្ទៃពោះឱ្យបានទៀងទាត់។ ស្របគ្នានេះ ម្តាយ ឬគ្រួសារត្រូវជ្រើសរើសមន្ទីរពេទ្យសម្រាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់ និងគោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារកក្នុងការបំបៅទឹកដោះ និងថែទាំទារក។អ្នកម្តាយដែលមានបញ្ហាកូនក្នុងផ្ទៃមានគីឡូតិច គួរគប្បីមកធ្វើតាមដានសុខភាព និងសម្រាលនៅមន្ទីរពេទ្យដែលមានក្រុមគ្រូរពេទ្យជំនាញ និងបទពិសោធន៍ខ្ពស់។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner